ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ Powerchip Semiconductor Manufacturing Corp របស់តៃវ៉ាន់បានកើនឡើងជិត ១០% នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សសហរដ្ឋអាមេរិក Micron Technology បានប្រកាសទិញយករោងចក្រផលិតបន្ទឈីបដ៏ធំបំផុតមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Mrcron បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទិញយករោងចក្រផលិតបន្ទះឈីប P5 របស់ក្រុមហ៊ុន Powerchip នៅតំបន់ Tongluo ស្រុក Miaoli កោះតៃវ៉ាន់ ក្នុងតម្លៃសរុបប្រមាណ ១,៨ពាន់លានដុល្លារ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Micron បាននិយាយថា ការទិញនេះនឹងបន្ថែមសមត្ថភាពដែលមានការគ្រប់គ្រងខ្ពស់ សម្រាប់ការផលិតបន្ទះឈីបឲ្យកាន់តែមានភាពខ្លាំងក្លាជាងមុន។ ក្រុមហ៊ុនបានបន្ថែមថា វានឹងអនុញ្ញាតឱ្យក្រុមហ៊ុន Micron បង្កើនការផលិតបន្ទះឈីប DRAM ជាដំណាក់កាល នៅពេលដែលតម្រូវការសកលសម្រាប់អង្គចងចាំនៅតែបន្តលើសពីការផ្គត់ផ្គង់។
ជម្រាបជូនថា ក្រុមហ៊ុន Micron បានដំណើរការនៅតៃវ៉ាន់អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ហើយជាអ្នកវិនិយោគផ្ទាល់ពីបរទេសធំជាងគេរបស់កោះនេះផងដែរ។ រោងចក្ររបស់ Micron នៅតំបន់ Taichung កោះតៃវ៉ាន់ គឺជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់សម្រាប់ផលិតផលបន្ទះឈីបអង្គចងចាំ DRAM និង HBM៕

