មន្ត្រីអាមេរិក ជឿជាក់ថាកាណាដាអាចនឹងស្តាយក្រោយ ចំពោះការសម្រេចចិត្តរបស់ខ្លួន ក្នុងការនាំចូលរថយន្តអគ្គិសនីរបស់ចិន រហូតដល់ ៤៩ ០០០ គ្រឿង ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរបស់ពួកគេ ជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក លោក Sean Duffy បានមានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍រដ្ឋាភិបាលមួយនៅរោងចក្ររបស់ក្រុមហ៊ុន Ford ក្នុងរដ្ឋ Ohio ថា ៖”ខ្ញុំគិតថាពួកគេនឹងក្រឡេកមើលទៅក្រោយលើការសម្រេចចិត្តនេះ ហើយពិតជាសោកស្តាយចំពោះការនាំយករថយន្តរបស់ចិនជាច្រើនចូលទៅក្នុងទីផ្សារ”។
គួរឲ្យដឹងថា នៅឆ្នាំ២០២៤ ប្រទេសកាណាដាបានដាក់ពន្ធនាំចូល ១០០% លើរថយន្តអគ្គិសនីរបស់ចិន។ តែទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមថ្មីមួយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Mark Carney ទៅកាន់ប្រទេសចិន។
ជុំវិញកិច្ចព្រមព្រៀងថ្មីនេះ កាណាដានឹងកាត់បន្ថយពន្ធនាំចូលលើរថយន្តអគ្គិសនីរបស់ចិនមកត្រឹម ៦,១% វិញ។ លោក Carney រំពឹងថាប្រទេសចិនក៏នឹងកាត់បន្ថយពន្ធលើទំនិញភាគច្រើនរបស់កាណាដាផងដែរ ស្របពេលភាគីទាំងពីរ បានប្តេជ្ញាកាត់បន្ថយរបាំងពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រថ្មី។
យ៉ាងណាមិញ ជុំវិញការប្រកាសនេះ បានបង្កើនក្តីបារម្ភនៅសហរដ្ឋអាមេរិកថា វានឹងអាចជួយប្រទេសចិនបង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំង នៅតំបន់អាមេរិកខាងជើង។ ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមពង្រឹងជំហររបស់ខ្លួនទៅលើការនាំចេញរថយន្ត និងគ្រឿងបន្លាស់ទៅកាន់ប្រទេសជិតមួយនេះ៕

