ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី១០ ខែសីហាថា ដោយបង្ហាញក្តីសង្ឃឹមថា ប្រទេសចិន នឹងបញ្ជាទិញសណ្តែងសៀងលើសមុន ៤ដង ពីសហរដ្ឋអាមេរិក ដើម្បីជាផ្នែកមួយនៃការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ជាមួយទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមរយ:ការបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរថា៖” ប្រទេសចិន មានការព្រួយបារម្ភអំពីកង្វះខាតសណ្តែងសៀង។ កសិករដ៏អស្ចារ្យរបស់អាមេរិក ផលិតសណ្តែងសៀងដ៏មានគុណភាព។ ខ្ញុំសង្ឃឹមថាចិន នឹងបង្កើនការបញ្ជាទិញសណ្តែងសៀងរបស់ពួកគេ ៤ដង ក្នុងពេលឆាប់ៗនេះ។ នេះក៏ជាវិធីដ៏ល្អបំផុតមួយ ក្នុងការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ចិន ជាមួយអាមេរិកផងដែរ”។
គួរឲ្យដឹងផង ការផ្អាកដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក រវាងចិន និងអាមេរិក គ្រោងនឹងដល់ថ្ងៃផុតកណត់នៅថ្ងៃទី១២ ខែសីហា ប៉ុន្តែរដ្ឋបាលរបស់លោក ត្រាំ បានបង្ហើបថា ថ្ងៃកំណត់អាចនឹងត្រូវបន្តទៀត ដើម្បីទុកពេលសម្រាប់ការចរចា។
ប្រទេសចិន បាននាំចូលសណ្តែងសៀង ៦០% នៃសណ្តែងសៀងសរុបទូទាំងពិភពលោក ខណៈប្រទេសនេះ ភាគច្រើនទិញចូលពីប្រេស៊ីល និងសហរដ្ឋអាមេរិក។
ជម្រាបជូនថា ចិនបាននាំចូលសណ្តែកសៀងប្រហែល ១០៥ លានតោនកាលពីឆ្នាំមុន ដែលតិចជាងមួយភាគបួន នាំចូលមកពីសហរដ្ឋអាមេរិក ហើយភាគច្រើនដែលនៅសល់គឺនាំចូលមកពីប្រទេសប្រេស៊ីល៕

