សម្តេចធិបតី សម្រេចបង្កើតមូលនិធិ​​​ស្រាវជ្រាវបរធន​បាលកិច្ច ដើម្បី​ជំរុញការអភិវឌ្ឍប្រព័ន្ធជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ បង្កើតមូលនិធិ​ស្រាវជ្រាវ​ជាតិ​ជាបរធន​បាលកិច្ច​សាធារណៈ ដើម្បី​ជំរុញការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិប្រកបដោយប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអនុក្រឹត្យ ស្តីពី ការបង្កើតមូលនិធិស្រាវជ្រាវជាតិជាបរធនបាលកិច្ច ដែលផ្សាយចេញនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា អនុក្រឹត្យ បង្កើតមូលនិធិ​ស្រាវជ្រាវ​ជាតិ​ជាបរធន​បាលកិច្ច គឺត្រូវបានបង្កើតមូលនិធិស្រាវជ្រាវជាតិ សរសេរជាអក្សរកាត់ថាម.ស.ជ.និងជាភាសាអង់គ្លេសថា National Research Foundation សរសេរជាអក្សរកាត់ថា NRF ជាបរធនបាលកិច្ចសាធារណៈ ដើម្បីកៀរគរ គ្រប់គ្រង និងចាត់ចែងបរធនពីប្រភពស្របច្បាប់នានា សម្រាប់គាំទ្រដល់ការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ គ្រឹះស្ថានស្រាវជ្រាវសាធារណៈនិងឯកជន ស្ថាប័នដៃគូ និងស្ថាប័នស្រាវជ្រាវផ្សេងទៀត សំដៅជំរុញការអភិវឌ្ឍ ប្រព័ន្ធនវានុវត្តន៍ជាតិប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការកៀរគរ ការគ្រប់គ្រង និងការចាត់ចែងមូលនិធិស្រាវជ្រាវជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។អនុក្រឹត្យនេះ ក៏ត្រូវបានកំណត់និយមន័យសំដៅដល់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ សំដៅដល់កិច្ចការដែលមានលក្ខណៈជាប្រព័ន្ធនិងភាពច្នៃប្រឌិតសម្រាប់បង្កើន សន្និធិចំណេះដឹង និងសម្រាប់បង្កើតសមិទ្ធផលដូចជាបច្ចេកវិទ្យា ផលិតផល និងសេវាកម្មថ្មីៗ ដើម្បីជំរុញ នវានុវត្តន៍ថែមទៀត។

ជាថ្មីម្តងទៀត សម្តេចធិបតី ក៏បានណែនាំទៅកាន់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ អត្ថបទ៖ហ្សាលីន