ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបង្ហើបឱ្យដឹងថា ទោះបីជាមានការងើបឡើងវិញយឺតនៃវិស័យអចលនទ្រព្យ តែការនាំចូលសម្ភារសំណង់របស់កម្ពុជា កើនឡើងខ្លាំងនៅឆ្នាំ២០២៥ ដែលជាសញ្ញាមួយវិជ្ជមានចំពោះសេដ្ឋកិច្ចជាតិ។

ក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា វិស័យសំណង់ និងអចលនទ្រព្យ បានងើបឡើងក្នុងសភាពយឺត និងនៅមានកំណើនទាប ដោយសកម្មភាពសាងសង់លំនៅឋានឆ្លើយតបទៅនឹងតម្រូវការពិតក្នុងស្រុកមានការចុះខ្សោយ។
យ៉ាងណាក្តី លោកឧកញ៉ា បានកត់សម្គាល់ឃើញពីសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់នៃសកម្មភាពសំណង់បម្រើឱ្យវិស័យឧស្សាហកម្ម ដូចជា ការសាងសង់រោងចក្រ សហគ្រាស និងឃ្លាំង ដែលនឹងក្លាយជានិន្នាការថ្មី ជួយគាំពារកំណើននៃវិស័យនេះពេលខាងមុខ។
ទន្ទឹមនឹងនេះ លោកឧកញ៉ា បានបង្ហាញសុទិដ្ឋិនិយមថា វិស័យឧស្សាហកម្មនៅកម្ពុជា នឹងនៅតែមានកំណើនល្អនៅឆ្នាំ២០២៦នេះ បើធៀបទៅនឹងឆ្នាំ២០២៥ កន្លងទៅ ដោយសារមានកំណើនវិនិយោគរោងចក្រ និងសហគ្រាសថ្មីៗ ដែលបាន និងកំពុងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មី នៃគោលនយោបាយពាណិជ្ជកម្មបដិការរបស់សហរដ្ឋអាម៉េរិក។
សូមជម្រាបថា បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចូលសម្ភារសំណង់ មានទំហំទឹកប្រាក់ ២,៦៣ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ កើនឡើង ៣០,៤២% ខណៈការនាំចូលដែក និងដែកថែប មានតម្លៃរហូតដល់ ១,២១ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤៤,១៩% បើធៀបនឹងឆ្នាំ២០២៤៕



