សប្បុរសជនឥណ្ឌាដែលស្រលាញ់សនិ្តភាព និងគាំទ្រអភិរក្សទេសចរណ៍បែបវប្បធម៌ និងសាសនាស្នើសុំក្រសួងទេសចរណ៍ជួយគំាទ្រលើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជា-ឥណ្ឌា និងកិច្ចសហការនាំភ្ញៀវទេសចរណ៍ឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។

តាមរយៈជំនួបរវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក Rajiv Raj Jagasia ស្ថាបនិកស្ថាប័នឥណ្ឌា Diplomacy for Good Foundation កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សប្បុរសជនឥណ្ឌាមានបំណងស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍លើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជា-ឥណ្ឌានៅកម្ពុជា តាមរយៈជំនួយគំាទ្រពីសប្បុរសជនឥណ្ឌា ដោយហេតុថាស្រលាញ់វប្បធម៌ប្រពៃណីរបស់កម្ពុជា និងប្រទេសកម្ពុជា។

លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ស្ថាប័ន Diplomacy for Good Foundation និងសប្បុរសជនឥណ្ឌាទាំងអស់ដែលបានលើកនូវគំនិតផ្តួចផ្តើមដ៏ល្អនេះ និងការទាក់ទាញកំណើនភ្ញៀវទេសចរឥណ្ឌាមកទស្សនានៅកម្ពុជា តាមរយៈសកម្មភាពការទូតទេសចរណ៍ និងវប្បធម៌ ដែលប្រទេសកម្ពុជា និងឥណ្ឌាមានចំណងការទូតជាង៧៤ឆ្នាំមកហើយ ព្រមទាំងជាបងប្អូនរួមវប្បធម៌ និងអរិយធម៌ជាងពាន់ឆ្នាំមកហើយ។
លោកក៏ស្នើលោក Rajiv Raj Jagasia និងស្ថាប័ន Diplomacy for Good Foundation បន្តជួយផ្សព្វផ្សាយពីសភាពការណ៍ពិត កត្តាសុខសន្តិភាព សន្តិសុខល្អប្រសើរ ការអភិវឌ្ឍលើគ្រប់វិស័យ វត្តមានភ្ញៀវទេសចរឥណ្ឌាដែលកំពុងកើនឡើងមកកម្ពុជានាពេលនេះដល់ប្រជាជនឥណ្ឌា ដើម្បីមកទស្សនាកម្ពុជាឱ្យកើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ លោក Rajiv Raj Jagasia ក៏បាននាំយកអំណោយសប្បុរសធម៌ ជាអង្ករ ចំនួន ២តោន តាមរយៈក្រសួងទេសចរណ៍ ដើម្បីបន្តផ្តល់ជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជាទឹកចិត្តដ៏ធំធេងបានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិដ៏រឹងមាំផងដែរ៕



