ក្រុមហ៊ុនខ្នាតយក្ស Telenor សម្រេចដកខ្លួនចេញពីទីផ្សារថៃ ក្រោយឈរជើងអស់ ២៥ឆ្នាំ

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសន័រវេស Telenor បានសម្រេចចិត្តចុះកិច្ចព្រមព្រៀងលក់ភាគហ៊ុនរបស់ខ្លួនទាំងស្រុង នៅក្នុងក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសថៃ True Corporation ដោយបញ្ចប់វត្តមានរយៈពេល ២៥ឆ្នាំនៅក្នុងទីផ្សាររបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសរបស់ផ្សារហ៊ុនថៃ បានបង្ហាញថា ក្រុមហ៊ុន Telenor បានយល់ព្រមលក់ភាគហ៊ុនសរុបចំនួន ២៤,៩៥% នៅក្នុងក្រុមហ៊ុន True Corporation ដែលមានតម្លៃប្រមាណ ១០០,៩ពាន់លានបាត ឬស្មើជាង ៣,៣ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុន Arise Digital Technology Company Limited កាន់កាប់ជំនួសវិញ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន True Corporation បានជម្រាបជូននៅទីក្នុងទីផ្សារហ៊ុនថៃថា ការលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Telenor នេះ មិនរំពឹងថានឹងមានផលប៉ះពាល់ខ្លាំងទៅលើក្រុមហ៊ុន ឬប្រតិបត្តិការអាជីវកម្មរបស់ខ្លួននោះឡើយ។

ជម្រាបជូនថា ក្រុមហ៊ុន Telenor បានចូលមកកាន់ប្រទេសថៃជាលើកដំបូង ក្នុងឆ្នាំ២០០០ តាមរយៈការវិនិយោគនៅក្នុងក្រុមហ៊ុន Total Access Communications (TAC) ដែលក្រោយមកប្តូរទៅជា DTAC ដែលបានរីកចម្រើនទៅជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេមួយរបស់ប្រទេស។ ក្រុមហ៊ុន True Corporation ត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន True និង dtac ក្នុងឆ្នាំ២០២៣ ហើយសព្វថ្ងៃនេះបម្រើអតិថិជនប្រហែល ៦០លាននាក់៕​