នៅក្នុងឆ្នាំ២០២៥ ចំណូលគយប្រមូលបានជិត ៣.២ពាន់លានដុល្លារ ដោយចំនួននេះបានលើសពីផែនការរហូតដល់ ២៤ភាគរយ ដែលជាចំនួនមួយខ្ពស់ស្មើនឹងឆ្នាំ២០១៩។ នេះជាការឱ្យដឹងពី លោក គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ថ្លែងក្នុងវេទិកាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្ដផែនការសកម្មភាព ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោក គុណ ញឹម បានលើកឡើងថា ក្នុងឆ្នាំ២០២៥ ការប្រមូលចំណូលគយគឺបានលើសផែនការ រហូតដល់២៤.៥ភាគរយ។
លោកបន្តថា នេះជាតួលេខមួយខ្ពស់ បើប្រៀបធៀបជាមួយនឹងផែនការ គឺមានការកើនឡើងដល់ស្មើឆ្នាំ២០១៩ ដែលជាតួរលេខមួយខ្ពស់។

គួរឱ្យដឹងថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែងរៀបចំផែនការសកម្មភាពការងារជារៀងរាល់ឆ្នាំក្នុងការបង្កើនប្រសិទ្ធភាពប្រមូលពន្ធនិងការងារផ្សេងៗ។ ដោយក្នុងផែនការសកម្មភាពឆ្មាំ២០២៦នេះ បានបែងចែកជា ៣ផ្នែកសំខាន់ៗ គឺ (១) ការពង្រឹងគោលនយោបាយពន្ធអាករ និងការងារបច្ចេកទេសគយ, (២) កិច្ចសម្រួលពាណិជ្ជកម្ម, អនុលោមភាពនិងការអនុវត្តច្បាប់, និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, និង (៣) ការពង្រឹងសមត្ថភាពស្ថាប័នគយ៕

