នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំរៀបចំមហាសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលរួមរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០២៥ និងការកំណត់នូវយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦។

ពិធីនេះខាងលើនេះ ក៏មានការចូលរួមពី ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ព្រមទាំងពាណិជ្ជករពីបណ្តារាជធានីខេត្ត។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងក្នុងឱកាសបើកមហាសន្និបាតនេះថា ការជួបជុំគ្នាពេលនេះ ជាការរំលឹកថា កម្លាំងពិតប្រាកដរបស់សភាពាណិជ្ជកម្មកម្ពុជា គឺស្ថិតនៅលើវិសាលភាពនៃឥទ្ធិពល។ សភាពាណិជ្ជកម្មមិនមែនគ្រាន់តែជាបណ្តាញធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺជាតំណាងវិស័យឯកជន ជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ និងជាមុខមាត់នៃសក្តានុពលរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
អ្នកឧកញ៉ាប្រធាន បានមានប្រសាសន៍បន្តថា សភាពាណិជ្ជកម្មកម្ពុជា មិនត្រឹមតែជាស្ថាប័នធម្មតាមួយទេ ប៉ុន្តែគឺជា «ដៃគូ» របស់រាជរដ្ឋាភិបាល។ តាមច្បាប់ស្តីពីសភាពាណិជ្ជកម្ម សភាពាណិជ្ជកម្មមានបេសកកម្ម ចម្បង គឺធ្វើជាស្ពានចម្លងរួមគ្នារវាងសហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ការរួមចំណែកដ៏សំខាន់បំផុត របស់សភាពាណិជ្ជកម្មកម្ពុជាចំពោះវិស័យឯកជន គឺការទទួលបានឱកាសចូលជួបពិភាក្សាដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុត។ តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ យើងបានពង្រឹងកិច្ចសន្ទនាប្រកបដោយតម្លាភាព និងផ្អែកលើមូលដ្ឋានពិតប្រាកដ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អ្នកឧកញ៉ាបន្តថា «ដោយសារយើងបានបញ្ចេញសំឡេងរួមគ្នា ផ្អែកលើមូលដ្ឋានច្បាស់លាស់ យើងបានដោះស្រាយដោយជោគជ័យនូវបញ្ហា ដែលនៅសេសសល់យូរអង្វែងក្នុងវិស័យពន្ធដារ គយ និងភស្តុភារកម្ម។ កត្តានេះបានបញ្ជាក់យ៉ាងច្បាស់ថា សភាពាណិជ្ជកម្មកម្ពុជាគឺជាតំណាងស្របច្បាប់នៃវិស័យឯកជន។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា បច្ចុប្បន្នបណ្តាញរបស់សភាពាណិជ្ជកម្មកម្ពុជា បានពង្រីកខ្លួនលើសពីព្រំដែនជាតិ ដោយមានការិយាល័យតំណាងចំនួន ៨ នៅទូទាំងពិភពលោក រួមមាននៅប្រទេសកាណាដា ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងសហរដ្ឋអាមេរិក ជាដើម៕




