ស្ថានីយទូរទស្សន៍ NDR របស់អាល្លឺម៉ង់ ត្រូវបានរងការពិន័យចំពោះការអនុញ្ញាតឲ្យតារាសម្តែងរបស់ខ្លួន លើកទង់ជាតិសហរដ្ឋអាមេរិក នៅតំបន់វប្បធម៌មួយលើកោះ Greenland ខណៈពេលកំពុងថតកម្មវិធីបែបកំប្លែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន DW។

ជុំវិញហេតុការណ៍បានកើតឡើងនៅពេលដែលតារាកំប្លែង លោក Maxi Schafroth បានព្យាយាមព្យួរទង់ជាតិអាមេរិកទៅលើបង្គោលទង់ជាតិមួយនៅជិតមជ្ឈមណ្ឌលវប្បធម៌ ក្នុងតំបន់ Nuuk នៃកោះ Greenland ខណៈពេលកំពុងថតកម្មវិធីបែបកំប្លែង Extra 3 សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ NDR របស់ប្រទេសអាល្លឺម៉ង់ នៅចន្លោះថ្ងៃទី ២៧-២៨ ខែមករា។ ហើយសកម្មភាពនេះបានធ្វើឲ្យផ្ទុះការតវ៉ាពីសំណាក់ប្រជាជននៅតំបន់នោះជាច្រើន។
យ៉ាងណាមិញ សាក្សីនៅកន្លែងកើតហេតុនោះបាននិយាយថាតារាកំប្លែង លោក Schafroth បានកំណត់អត្តសញ្ញាណខ្លួនឯងជាមន្ត្រីអាមេរិក ហើយបានព្យាយាមលើកបង្ហាញទង់ជាតិអាមេរិក។ ប៉ុន្តែក្រោយមក ក្រុមប៉ូលិសរបស់ Greenland បានមកដល់ ហើយបានផាកពិន័យក្រុមការងារថតកម្មវិធីនោះ ស្របពេលអាជ្ញាធរបន្តបើកការស៊ើបអង្កេតលើហេតុការណ៍នេះបន្ថែមទៀត។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោយកើតឡើងហេតុការណ៍នោះ ទូរទស្សន៍ NDR បានចេញមុខសូមទោសទៅកាន់ប្រជាជន Greenland ដោយបាននិយាយថា កម្មវិធីនេះគ្មានបំណងចំអក ពាក់ព័ន្ធទៅនឹងបញ្ហាចម្រូងចម្រាសរបស់សហរដ្ឋអាមេរិកទាក់ទងនឹង Greenland នោះឡើយ ដោយសង្កត់ធ្ងន់ទៀតថាវាគ្រាន់តែជាកម្មវិធីកម្សាន្តប៉ុណ្ណោះ៕

