ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសថា ប្រទេសរបស់ខ្លួនត្រូវតែកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុឲ្យបានរឹងមាំបំផុត ដើម្បីអាចធ្វើឲ្យប្រាក់យ៉ន់ចិន សម្រេចបាននូវឋានៈជារូបិយប័ណ្ណបម្រុងបរទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន FT។

នៅក្នុងការលើកឡើងមួយដែលត្រូវបានចុះផ្សាយកាលពីសប្តាហ៍មុន មេដឹកនាំកំពូលចិន លោក ស៊ី បានធ្វើការកំណត់យ៉ាងច្បាស់អំពីគោលដៅនៃការធ្វើឲ្យរូបិយប័ណ្ណចិនរឹងមាំ ក៏ដូចជាមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដែលទីក្រុងប៉េកាំងត្រូវកសាងដើម្បីសម្រេចបាននូវគោលដៅដ៏ធំនេះ។
នៅក្នុងការលើកឡើងនោះ លោក ស៊ី បានបញ្ជាក់ទៀតថា៖” ប្រទេសចិន ត្រូវការកសាងរូបិយប័ណ្ណរឹងមាំមួយ ដែលអាចប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ និងទីផ្សារប្តូរប្រាក់បរទេស ដោយសម្រេចបាននូវឋានៈជារូបិយប័ណ្ណបម្រុងបរទេស” ។
ហើយយ៉ាងណាមិញ ដើម្បីសម្រេចបាននូវគោលដៅនេះ លោក ស៊ី បានអះអាងថា ប្រទេសចិនត្រូវការធនាគារកណ្តាលដ៏រឹងមាំ ដែលមានសមត្ថភាពគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ ស្ថាប័នហិរញ្ញវត្ថុដែលមានការប្រកួតប្រជែងទូទាំងពិភពលោក និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដែលអាចទាក់ទាញដើមទុន និងមានឥទ្ធិពលលើការវាយតម្លៃទូទាំងពិភពលោក។
ជម្រាបជូនថា ជុំវិញការប្រកាសនេះ បានធ្វើឡើងចំពេលមានភាពមិនប្រាកដប្រជានៃទីផ្សារពិភពលោក ខណៈដែលប្រាក់ដុល្លារអាមេរិកចុះខ្សោយ។ ជាមួយគ្នានេះ ធនាគារកណ្តាលអាមេរិក ក៏កំពុងប្រឈមមុខនឹងការផ្លាស់ប្តូរភាពជាអ្នកដឹកនាំនាពេលខាងមុខ ហើយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មកំពុងជំរុញឱ្យធនាគារកណ្តាលវាយតម្លៃឡើងវិញនូវការកាន់កាប់ទ្រព្យសកម្មជាប្រាក់ដុល្លារអាមេរិករបស់ពួកគេផងដែរ៕

