យោងតាមសន្ទស្សន៍អន្តរជាតិថ្មីមួយ បានបង្ហាញឲ្យដឹងថា ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខពីរទូទាំងពិភពលោកសម្រាប់ការប្រកួតប្រជែងបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យហិរញ្ញវត្ថុ ដោយនៅពីក្រោយតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post។

ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា ប្រទេសចិនទទួលបានពិន្ទុ ៨៣,៤១ ក្នុងចំណោមពិន្ទុ ១០០ ពេញ នៅក្នុងសន្ទស្សន៍ប្រកួតប្រជែងបញ្ញាសិប្បនិម្មិតសកលដែលចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ដោយស្ថាប័នស្រាវជ្រាវ Deep Knowledge Group ដែលនៅពីក្រោយសហរដ្ឋអាមេរិក ជាមួយពិន្ទុ ៩៨,៨៤ និងនាំមុខលើចក្រភពអង់គ្លេស ជាមួយពិន្ទុ ៧៨,២៦។
ជាមួយគ្នានេះផងដែរ ប្រទេសស្វីសជាប់នៅចំណាត់ថ្នាក់លេខ៤ តាមពីក្រោយដោយប្រទេសសិង្ហបុរី អាល្លឺម៉ង់ អារ៉ាប៊ីសាអូឌីត និងឥណ្ឌា។
គួរឲ្យដឹងថា ចិនមានដំណើរការល្អជាងប្រទេសណាៗទាំងអស់ ក្នុងភាពចាស់ទុំនៃបច្ចេកវិទ្យា AI ក្នុងវិស័យហិរញ្ញវត្ថុ ដោយទទួលបានពិន្ទុ ៩០ ដោយសារតែបច្ចេកវិទ្យានេះត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងវិស័យធនាគារ ធានារ៉ាប់រង បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការគ្រប់គ្រងការវិនិយោគជាដើម។
មិនតែប៉ុណ្ណោះ ប្រទេសចិន មានសហគ្រាស AI សរុបចំនួន ២ ០៦៥ ដែលផ្តោទៅលើហិរញ្ញវត្ថុ ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃការទូទាត់ប្រាក់តាមទូរស័ព្ទដៃ ការផ្តល់ប្រាក់កម្ចីដែលជំរុញដោយ AI និងដំណោះស្រាយធនាគារឌីជីថលផងដែរ។
ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក បាននាំមុខគេនៅក្នុងចំណាត់ថ្នាក់នេះ ក៏ដោយសារតែប្រទេសនេះបានរួមបញ្ចូលនូវការអនុវត្តដ៏រឹងមាំនៅទូទាំងសសរស្តម្ភដែលបានវាស់វែងទាំងអស់ ដែលឆ្លុះបញ្ចាំងទាំងមាត្រដ្ឋាន និងស្ថាប័នភាវូបនីយកម្ម ជាដើម៕

