នាព្រឹកថ្ងៃទី ៤ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារវិស័យឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និង ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អមដំណើរដោយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ និងអនុប្រធាន សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ជាច្រើនរូប បានអញ្ជើញចុះពិនិត្យមើលទីតាំងរៀបចំកម្មវិធី «វេទិកាពន្ធដារកម្ពុជា ២០២៦» នៅទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ (GDT Tower)។

វេទិកាពន្ធដារដ៏សំខាន់ប្រចាំឆ្នាំនេះ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី ៦ខែកុម្ភៈ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធីនេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ សមាជិកសមាជិកាសភាពាណិជ្ជកម្ពុជា ថ្នាក់ដឹកនាំក្រុមការងារវិស័យឯកជន តំណាងក្រុមហ៊ុន សហគ្រាស និងភ្ញៀវជាតិអន្តរជាតិ ជាច្រើនរូបផងដែរ។ វេទិកាពន្ធដារកម្ពុជា ជាវេទិកាដ៏សំខាន់មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈនិងឯកជន និងបង្កើនតម្លាភាព និងប្រសិទ្ធភាពនៅក្នុងប្រព័ន្ធពន្ធដាររបស់កម្ពុជា។
សូមជម្រាបថា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំកម្មវិធី «វេទិកាពន្ធដារ ២០២៦- Tax Forum»។ វេទិការនេះ មានគោលបំណងលើកកម្ពស់អនុលោមភាពសារពើពន្ធ ដើម្បីបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្សព្វផ្សាយអំពីកាតព្វកិច្ចពន្ធ វឌ្ឍនភាពនៃការធ្វើបរិវត្តកម្មប្រព័ន្ធគ្រប់គ្រងពន្ធដារ ព្រមទាំងទទួលយោបល់អំពីបញ្ហាប្រឈមនានា ក្នុងការបំពេញកាតព្វកិច្ច ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវា និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធពន្ធដារ៕







