ថៃ នាំមុខលើវៀតណាម ក្នុងនាមជាប្រទេសមានតម្រូវការមាសខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ កាលពីឆ្នាំមុន

អន្តរជាតិ

យោងតាមក្រុមប្រឹក្សាមាសពិភពលោក បានបង្ហាញឲ្យដឹងថា ប្រទេសថៃបាននាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់តម្រូវការមាសដុំ និងកាក់មាស កាលពីឆ្នាំមុន ដោយការទិញមានចំនួនសរុប ៥១,៤ តោន ឬប្រហែល ៣៦% នៃតម្រូវការសរុបរបស់តំបន់នេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្រូវការមាសរបស់ថៃ កាលពីឆ្នាំ២០២៥ បានកើនឡើងដល់ចំនួនខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ ជាមួយនឹងតម្លៃសរុបជាង ៦ពាន់លានលដុល្លារ។ ថៃ បានជំនួសតំណែងរបស់ប្រទេសវៀតណាម ដែលធ្លាប់ជាទីផ្សារមាសដ៏ធំបំផុតរបស់តំបន់ នៅក្នុងឆ្នាំ២០២៤ ដែលមានតម្រូវការ ៤២,១ តោន។

ជារួមមកទីផ្សារមាសសំខាន់ៗចំនួន ៧ នៅអាស៊ីអាគ្នេយ៍ បានមើលឃើញពីការទិញមាសដុំ និងកាក់មាសកើនឡើងជាង ១៥% កាលពីឆ្នាំមុន ដល់ចំនួនសរុប ១៣៤ តោន ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។

ជម្រាបជូនផងដែរថា ប្រទេសឥណ្ឌូណេស៊ី ឈរនៅលំដាប់ទី៣ ជាមួយតម្រូវការមាសមានចំនួន ៣១,៦ តោន ដែលជាការកើនឡើង ២៩% តាមពីក្រោយដោយម៉ាស៊ីឡេស៊ី ជាមួយតម្រូវការ ១០,៣ តោន និងសិង្ហបុរី មានតម្រូវការ ៩,៦ តោន៕​