សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតមួយច្បាប់ជូនប្រធានាធិបតីបារាំង ឆ្លើយតបនឹងឆន្ទៈរបស់បារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងបញ្ហាព្រំដែន

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការ ត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងករណីមានសំណើពីប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ បានឱ្យដឹងថា នៅក្នុងលិខិតនេះ សម្ដេចធិបតីបានសម្តែងនូវអំណរគុណយ៉ាងស្មោះរបស់កម្ពុជាចំពោះប្រទេសបារាំង ដែលបានប្រកាន់ជំហរជាគោលការណ៍គាំទ្រចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជា ចំពោះការចូលរួមប្រកបដោយស្ថាបនារបស់ប្រទេសបារាំងក្នុងកិច្ចប្រឹងប្រែង សម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់បារាំងដល់សន្តិភាព ការអភិវឌ្ឍ និងការកសាងជាតិឡើងវិញរបស់កម្ពុជារាប់ទសវត្សរ៍មកហើយ។ ការរួមចំណែក នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពជាតិកម្ពុជា ហើយព្រមទាំងបានធ្វើឱ្យភាពជាដៃគូពហុវិស័យរវាងប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅថែមទៀត។

សម្ដេចធិបតីបានសង្កត់ធ្ងន់ដែរថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះតួនាទីរបស់បារាំង មិនត្រឹមតែ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាស់ន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដឹកនាំគាំទ្រដ៏ឈានមុខមួយ ចំពោះអភិបាលកិច្ចសកល ច្បាប់អន្តរជាតិ និងពហុភាគីនិយម និងក្នុងនាមជាដៃគូយូរអង្វែង ដែលមានការផ្សាភ្ជាប់ទំនាក់ទំនងតាមរយៈការគោរពគ្នាទៅវិញទៅមក ប្រវត្តិសាស្ត្ររួម និងតម្លៃរួម។

នៅក្នុងបរិបទនេះ សម្តេចធិបតីបានស្នើសុំឱ្យប្រទេសបារាំងពិចារណាផ្ដល់ការគាំទ្របច្ចេកទេស ជំនាញ និងការប្រឹក្សាយោបល់ ព្រមទាំងសម្រួលការទទួល និងផ្ដល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល។

សម្ដេចធិបតីបានបញ្ជាក់ជាថ្មីថា កម្ពុជាត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាពតាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនោះទេ។ សម្ដេចធិបតីបានសម្តែងជំនឿយ៉ាងមុតមាំថា ការបន្តចូលរួមចំណែករបស់បារាំងនឹងជួយដល់គោលបំណងរួម ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងប្រជាជនថៃអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព សន្តិសុខ ភាពជាអ្នកជិតខាងល្អ និងវិបុលភាព រួមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយៗទៀត។

រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះ ដោយសន្តិវិធី ដោយដាច់ខាតមិនធ្វើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ហើយនិងលើកកម្ពស់ច្បាប់អន្តរជាតិ និងពហុភាគីនិយម ដែលជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោកទាំងមូល៕