អគ្គលេខាធិការរង CDC លើកទឹកចិត្តសហគមន៍ធុរកិច្ចនិងវិនិយោគអ៊ីតាលី វិនិយោគលើវិស័យសក្តានុពលចំនួន៤ នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (CDC) លោក នុត អ៊ុនវ័ណរ៉ា បានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ច និងវិនិយោគអ៊ីតាលី ឱ្យធ្វើការពិចារណាវិនិយោគលើវិស័យដែលមានសក្តានុពលចំនួន៤ នៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកទឹកចិត្តបែបនេះរបស់លោកអគ្គលេខាធិការរង នៅក្នុងពិធីសម្ពោធជាផ្លូវការពិព័រណ៍ពាណិជ្ជកម្ម អ៊ីតាលី-កម្ពុជា លើកទី២ កាលពីថ្ងៃទី៥ ខែកុម្ភៈ​ ឆ្នាំ២០២៦។

លោកអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ថាការរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះឡើងជាសញ្ញាណវិជ្ជមាននៃភាពជឿជាក់ពីសំណាក់ធុរជន ពាណិជ្ជករ និងវិនិយោគិនអ៊ីតាលីមកលើកម្ពុជា។

លោកបានបន្ថែមថា បើទោះបីជាប្រទេសទាំងពីរ(កម្ពុជា-អ៊ីតាលី) មានភូមិសាស្រ្តឆ្ងាយពីគ្នាក្តី ក៏ប៉ុន្តែផ្អែកលើកត្តាសេដ្ឋកិច្ច ប្រទេសទាំងពីរមានឧត្តមភាពដែលអាចបំពេញឱ្យគ្នាទៅវិញទៅមកលើវិស័យសក្ដានុពលមួយចំនួន។

ក្នុងន័យនេះ លោកអគ្គលេខាធិការរងក៏បានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ចនិងវិនិយោគអ៊ីតាលី ឱ្យធ្វើការពិចារណាវិនិយោគលើវិស័យដែលមានសក្តានុពលចំនួន៤ ដែលវិស័យទាំងនេះអាចធ្វើឱ្យប្រតិបត្តិការរបស់ពួកគេទទួលបានជោគជ័យ និងចូលរួមចំណែកផងដែរដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច កម្ពុជា រួមមាន ការកែច្នៃផលិតផលកសិកម្មនិងបច្ចេកវិទ្យាចំណីអាហារ, ឧស្សាហកម្មកម្មន្តសាលនិងឧស្សាហកម្មគាំទ្រ ដូចជាគ្រឿងបង្គុំនិងបន្លាស់រថយន្ត និងគ្រឿងបង្គុំនិងឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិក, ផលិតផលប្រើប្រាស់ក្នុងផ្ទះ និងការប្រើប្រាស់ប្រចាំថ្ងៃដែលមានកិត្តិនាម “ Made in Italy”, និងឧស្សាហកម្មនិងបច្ចេកវិទ្យាបៃតង។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្ម អ៊ីតាលី-កម្ពុជា លើកទី២ គឺជាវេទិកាប្រមូលផ្តុំ ទៅដោយអ្នកជំនួញ ពាណិជ្ជករ និងក្រុមហ៊ុនធំៗ ដែលអញ្ជើញមកពីប្រទេសអ៊ីតាលី ក្នុងគោលបំណងស្វែងរកដៃគូអាជីរកម្ម បណ្តាញទំនាក់ទំនង ដៃគូសហការប្រចាំតំបន់ លើសពីនេះទៅទៀត វេទិកានេះផ្តល់ឱកាសសម្រាប់លោក អ្នកស្វែងយល់ពីផលិតផល និងសេវាកម្ម ក៏ដូចជាបច្ចេកវិទ្យាសំខាន់ៗ ស្ទើរគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្មរបស់លោក អ្នកឲ្យកាន់តែរីកចម្រើន៕