អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វនិង ផលិតកម្មសត្វ បានឱ្យដឹងថា ក្រុមហ៊ុនមានគុណវុឌ្ឍនាំចូលមុខ ទំនិញសាច់បង្កក ជំហានទី៥ ចំនួន ៧ ក្រុមហ៊ុនបន្ថែមទៀត បានអនុញ្ញាតនាំចូលសាច់បង្កកដោយស្វ័យប្រវត្តិ។

យោងតាមសេចក្តីប្រកាសជូនដំណឹង របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី៥ ខែកុម្ភៈ បានឱ្យដឹងថា ដើម្បីពង្រឹង ប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក រាជរដ្ឋាភិបាលបានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍនាំចូលមុខ ទំនិញសាច់បង្កក ជំហានទី៥ ចំនួន ៧ ក្រុមហ៊ុនបន្ថែមទៀត។
គួរបញ្ជាក់ថា បើតាមសេចក្តីប្រកាសជូនដំណឹងដដែលបានបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនមានគុណវុឌ្ឍ សម្រាប់ការនាំចូលមុខទំនិញសាច់បង្កកដោយស្វ័យប្រវត្តិ។
សូមបញ្ជាក់បន្ថែមថា ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចនាំចូលសាច់បង្កកបាន លុះត្រាគោរពតាមលក្ខខណ្ឌ៖ មានកម្មវត្ថុអាជីវកម្មសមស្រប មានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់ ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កក ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និង
ត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន និងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប៕



