គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានលើកឡើងថា កម្ពុជា គឺជាច្រកសំខាន់សម្រាប់សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ខណៈអ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតថា នឹងក៏មានបំណងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយកម្ពុជាផងដែរ។

ការលើកឡើងនេះ បានបង្ហាញក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកគណៈប្រតិភូ ដឹកនាំដោយលោក Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងជំនួបការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញពីកាលានុវត្តនភាពដ៏សមស្របនៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយអារ៉ាប៊ីសាអូឌីត និងបានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមពីវិនិយោគិនអារ៉ាប់ មកកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Waleed Nasser Alsheri បានកត់សម្គាល់ពីភាពរីកចម្រើនខ្លាំងនៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា និងបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។
លោក ក៏បានលើកឡើងពីបំណងរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកកម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជា គឺជាច្រកសំខាន់សម្រាប់សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030៕អត្ថបទ៖ហ្សាលីន




