រដ្ឋមន្រ្តីក្រសួងការងារ ចែករំលែកអំពីវិស័យវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបកម្ពុជា នៅប្រទេសបារាំង

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមវេទិការបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលអង្គការ OECD ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកានេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់អង្គការ OECD ដែលមានការចូលរួមដោយតំណាងរដ្ឋាភិបាលមកពីបណ្តាប្រទេសនានាជាសមាជិក និងមិនមែនជាសមាជិកអង្គការ OECD តំណាងម្ចាស់ម៉ាកធំៗ សហជីព និងសមាគមនិយោជកអន្តរជាតិ អង្គការសង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវ ដើម្បីពិភាក្សាលើបញ្ហាប្រឈមថ្មីៗនានាដែលវិស័យកាត់ដេរ និងស្បែកជើងបានជួបប្រទះ ជាពិសេសការលើកកម្ពស់ការអនុវត្តការបញ្ជាទិញប្រកបដោយការទទួលខុសត្រូវ។

នៅក្នុងវេទិកានេះ លោក ហេង សួរ ក៏បានអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយផងដែរ ដោយបានចែករំលែកបទពិសោធ និងវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេល ដើម្បីទ្រលំនឹងសេដ្ឋកិច្ចជាតិ និងរក្សាបានភាពធន់នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងប្រាក់ចំណូលរបស់កម្មករនិយោជិតក្នុងវិស័យនេះ នៅក្នុងកាលៈទេសៈនៃវិបត្តិផងដែរ។

ក្នុងឱកាសនោះ លោកក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តជំរុញការលើកកម្ពស់លក្ខខណ្ឌការងារដែលកម្ពុជាបានផ្សារភ្ជាប់ជាមួយការធ្វើពាណិជ្ជកម្មអន្តរជាតិ និងជាលក្ខខណ្ឌដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផ្គត់ផ្គង់ផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបប្រកបដោយការទទួលខុសត្រូវសង្គម (CSR)៕