យោងតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍទីផ្សារក្នុងស្រុកនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានបង្ហាញឲ្យដឹងថា វៀតណាម ជាប់នៅចំណាត់ថ្នាក់កំពូលគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប់លេខ០៤ នៅលើពិភពលោក ដែលមានការបរិភោគសាច់ជ្រូកច្រើនបំផុត ដោយមានជិត ៣៩ គីឡូក្រាម ក្នុងមនុស្សម្នាក់ ក្នុងឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ការប្រើប្រាស់ដ៏ខ្ពស់នេះ បានបង្ហាញថា សាច់ជ្រូកនៅតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម និងផលប៉ះពាល់យ៉ាងសំខាន់របស់អាហារប្រភេទនេះទៅលើសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេស។
ទិន្នន័យបង្ហាញឲ្យដឹងទៀតថា ការប្រើប្រាស់សាច់ជ្រូកក្នុងស្រុកបានបន្តកើនឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេស។ នៅឆ្នាំ២០២១ មនុស្សម្នាក់បានបរិភោគជាមធ្យមប្រហែល ៣០ គីឡូក្រាម; ក្នុងឆ្នាំ២០២៤ បរិភោគប្រហែល ៣៧ គីឡូក្រាម និងបន្តកើនឡើងដល់ប្រហែល ៣៩ គីឡូក្រាមកាលពីឆ្នាំមុន។
ជម្រាបជូនថា នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន តម្រូវការសាច់ជ្រូកបានកើនឡើងប្រហែល ១០-១៥%។ យោងតាមក្រសួងកសិកម្ម និងបរិស្ថាន កាលពីឆ្នាំមុន ឧស្សាហកម្មចិញ្ចឹមសត្វបានជួបប្រទះនឹងកំណើនយ៉ាងខ្លាំង ដោយផលិតផលសាច់ជាច្រើនប្រភេទ ចំនួន ៨,៦ លានតោន រួមទាំងសាច់ជ្រូកចំនួន ៥,៤ លានតោន ត្រូវបានផ្គត់ផ្គង់សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនេះ៕

