អាជ្ញាធររបស់ប្រទេសបង់ក្លាដែស បានបង្កកគណនីធនាគារ និងរឹបអូសដីធ្លីដែលកម្មសិទ្ធិរបស់មហាសេដ្ឋី Muhammed Aziz Khan ដែលមានសញ្ជាតិសិង្ហបុរី ចំពេលកំពុងមានការស៊ើបអង្កេតលើបទចោទប្រកាន់លាងលុយកខ្វក់ និងអំពើឆបោកផ្នែកហិរញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TOC។

ប្រព័ន្ធផ្សព្វផ្សាយបង់ក្លាដែសបាននិយាយថា វិធានការទាំងនេះ គឺផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ទូលំទូលាយដែលផ្តោតលើលំហូរហិរញ្ញវត្ថុខុសច្បាប់ដែលត្រូវបានចោទប្រកាន់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Khan បានចេញមុខបដិសេធជុំវិញការចោទប្រកាន់ទាំងនេះ ដោយបញ្ជាក់ថាមិនមានការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើងប្រឆាំងទៅនឹងរូបលោក ឬក្រុមហ៊ុនរបស់ខ្លួននោះឡើយ។
មិនតែប៉ុណ្ណោះ លោក Khan បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន The Straits Times ថា លោកត្រូវបានទាក់ទងដោយគណៈកម្មការប្រឆាំងអំពើពុករលួយ (ACC) គណៈកម្មការមូលបត្រ និងផ្សារហ៊ុនបង់ក្លាដែស (BSEC) អ្នកចុះបញ្ជីក្រុមហ៊ុនរួមគ្នា (RJSC) និងអាជ្ញាធរពន្ធលើប្រាក់ចំណូល ដើម្បីបញ្ជាក់ពីការចោទប្រកាន់ទាំងនេះ។
មហាសេដ្ឋីសិង្ហបុរីរូបនេះ បានបន្ថែមទៀតថា ៖“យើងកំពុងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេតណាមួយរបស់រដ្ឋាភិបាល។ យើងប្រាកដថាការពិតនឹងត្រូវបានបង្ហាញបន្ទាប់ពីការស៊ើបអង្កេត។គិតត្រឹមពេលនេះ មិនមានសំណុំរឿងប្រឆាំងនឹងខ្ញុំ ឬក្រុមហ៊ុនរបស់ខ្ញុំ នៅក្នុងប្រទេសបង់ក្លាដែសនោះទេ”។
យ៉ាងណាមិញ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញឲ្យដឹងថា តុលាការបង់ក្លាដែសបានបញ្ជាឱ្យបង្កក និងរឹបអូសសាច់ប្រាក់ រួមទាំងទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់លោក Khan និងសមាជិកគ្រួសាររបស់លោក ចាប់តាំងពីឆ្នាំ២០២៥។ ក្នុងនោះរួមមានភាគហ៊ុនដែលមានតម្លៃ ៤,១លានអឺរ៉ូ នៅក្នុងប្រទេសលុចសំបួរ រួមទាំងសាច់ប្រាក់ និងដីធ្លីមួយចំនួនធំទៀត នៅក្នុងប្រទេសបង់ក្លាដែស៕

