យោងតាមការវិភាគដែលចេញផ្សាយដោយ ONE Dataបានបង្ហាញឲ្យដឹងថា ក្នុងនាមប្រទេសចិនមានតួនាទីជាអ្នកផ្តល់ហិរញ្ញវត្ថុឈានមុខគេដល់ប្រទេសកំពុងអភិវឌ្ឍ ហាក់កំពុងត្រូវបានផ្លាស់ប្តូរក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ដោយប្រាក់កម្ចីថ្មីដល់ប្រទេសក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំង ខណៈពេលដែលការសងបំណុលត្រលប់ទៅវិញនៅតែបន្តកើនឡើង។

របាយការណ៍ដែលចេញដោយ ONE Data បានរកឃើញទៀតថា ប្រទេសជាច្រើនដែលមានប្រាក់ចំណូលទាប និងមធ្យម ជាពិសេសនៅទ្វីបអាហ្វ្រិក ឥឡូវនេះកំពុងផ្ទេរប្រាក់ទៅប្រទេសចិន ក្នុងការទូទាត់បំណុលច្រើនជាងពួកគេទទួលបានហិរញ្ញប្បទានថ្មីពីប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។
គួរឲ្យដឹងថា ការប្រែប្រួលនេះ បានកើតឡើងស្របគ្នាជាមួយនឹងការកើនឡើងនៃហិរញ្ញប្បទានសុទ្ធពីស្ថាប័នពហុភាគី ដែលបានក្លាយជាប្រភពហិរញ្ញប្បទានអភិវឌ្ឍដ៏សំខាន់ នៅទូទាំងពិភពលោក នៅពេលដែលលំហូរចេញនៃសេវាកម្មបំណុលត្រូវបានគិតគូរ។
យោងតាមការសិក្សានេះបានរកឃើញថា កិច្ចព្រមព្រៀងសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន បានឈានដល់កម្រិតកំណត់ត្រាចំនួន ២១៣,៥ពាន់លានដុល្លារកាលពីឆ្នាំមុន រួមទាំងកិច្ចសន្យាសាងសង់ចំនួន ១២៨,៤ពាន់លានដុល្លារ និងការវិនិយោគចំនួន ៨៥,២ពាន់លានដុល្លារ ដោយទ្វីបអាហ្វ្រិកកំពុងលេចចេញឡើងជាអ្នកទទួលបានធំជាងគេ។
ជម្រាបជូនថា BRI របស់ប្រទេសចិន ដែលជួនកាលត្រូវបានគេហៅថាផ្លូវសូត្រថ្មី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយប្រធានាធិបតី ស៊ី ជីនពីង ហើយត្រូវបានចាត់ទុកថាជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានមហិច្ឆតាបំផុតមួយនៅទូទាំងពិភពលោក៕

