ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (Overseas Cambodia Investment Corporation) ឬហៅកាត់ថា OCIC ដែលមាន លោកអ្នកឧកញ៉ា ពុង ឃាវសែ ជាអគ្គនាយកក្រុមហ៊ុន គឺជាសមាជិកសមាគមអ្នកសាងសង់កម្ពុជា ដែលតែងតែជួយគាំទ្រដល់សមាគម នាពេលកន្លងមក។ នេះបើតាមការបង្ហាញរបស់សមាគមអ្នកសាងសង់កម្ពុជា នៅលើបណ្តាញសង្គម នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនសំណង់ និងអចលទ្រព្យដែលធំជាងគេក្នុងប្រទេសកម្ពុជា ដូចជាអាកាសយានដ្ឋានភ្នំពេញថ្មី ទីក្រុងជ្រោយចង្វា ទីក្រុងកោះនរា ទីក្រុងកោះពេជ្យ និងគម្រោងជាច្រើនទៀត។ លើសពីនេះ ក្រុមហ៊ុនក៏បានវិនិយោគលើវិស័យជាច្រើនទៀតដូចជា វិស័យអប់រំ វិស័យសុខាភិបាល ការលក់រាយ វិស័យបដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ការចែកចាយ ការកម្សាន្ត និងវិស័យកសិកម្មផងដែរ។
សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាប្រធានសមាគមអ្នកសាងសង់កម្ពុជា កាលអាណត្តិទី៥ (២០២២-២០២៥)។ រីឯក្នុងអាណត្តិទី៦ (២០២៦-២០២៨) ឧកញ៉ា ឆារស៍ វ៉ាន់ បានជាប់ឈ្មោះជាប្រធានសមាគម៕


