ឯកឧត្តម វង្សី វិស្សុត៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកបច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច សម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមថ្លែងបែបនេះនៅក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធកាលថ្ងៃទី១៧ ខែកុម្ភៈ។

ឯកឧត្តម វង្សី វិស្សុត សង្កត់ធ្ងន់ថា ក្នុងបរិការណ៍នៃការប្រកួតប្រជែងសកល ប្រទេសនីមួយៗ រួមទាំងប្រទេសកម្ពុជាត្រូវវិនិយោគលើ AI ដើម្បីបង្កើននូវឧត្តមភាពប្រកួតប្រជែង ទាំងលើទិដ្ឋភាពសេដ្ឋកិច្ច បច្ចេកវិទ្យា យោធា និងសង្គម ។

ឯកឧត្តមមានប្រសាសន៍ថា “ទោះបីកម្ពុជាមិនទាន់អាចឈានដល់កម្រិតបង្កើតបច្ចេកវិទ្យាថ្មី ដោយខ្លួនឯង ប៉ុន្តែយើងត្រូវហ៊ានវិនិយោគ ដើម្បីមានសមត្ថភាពអាចចាប់យកបច្ចេកវិទ្យា ដែលមានស្រាប់មកប្រើប្រាស់ ឱ្យអស់លទ្ធភាព និងឱ្យត្រូវតាមតម្រូវការប្រើប្រាស់ជាក់ស្តែង បើពុំដូច្នោះទេយើងនឹងដើរក្រោយគេឆ្ងាយ។ លើសពីនេះ យើងត្រូវរៀនសូត្រដើម្បីធ្វើជាម្ចាស់លើ AI មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់នោះទេ ដោយ AI គឺជាជំនួយការដ៏ល្អ ប៉ុន្តែការសម្រេចចិត្តចុងក្រោយត្រូវផ្អែកលើបញ្ញា ,បទពិសោធ និងប្រាជ្ញាវិនិច្ឆ័យ របស់មនុស្ស”។

ជាទិសដៅការងារបន្តសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបានណែនាំឱ្យបង្កើត ក្រុមការងារដឹកនាំកម្មវិធី AI Application នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសិក្សាពីចន្លោះខ្វះខាត និងរៀបចំផែនការប្រើប្រាស់ AI ក្នុងកិច្ចការប្រចាំថ្ងៃ ទៅតាមមុខងារនិងអង្គភាពដែលមានការចាំបាច់ ដើម្បីបង្កើនផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ និងវិនិយោគលើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីឱ្យដើរទាន់បច្ចេកវិទ្យា ដោយចាត់ទុកថាជាការវិនិយោគដើម្បីអនាគតរបស់ស្ថាប័នក៏ដូចជាសម្រាប់ប្រទេស៕