ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ត្រូវជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន Royal Group និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានបរិច្ចាគថវិកា ១,៥៥៥,៥៥៥ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៦ នាពេលខាងមុខនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ដែលបានឧបត្ថម្ភថវិកាចំនួន ១,៥៥៥,៥៥៥ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
កាកបាទក្រហមកម្ពុជា សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕




