កម្ពុជា-ជប៉ុន បានរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានជាច្រើន

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ពីប្រទេសជប៉ុន បន្ទាប់ពីទសន្សកិច្ចនិងសិក្សាពីវិស័យបរិស្ថាននៅប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអងញ្ជើញរបស់លោករដ្ឋមន្រ្តីបរិស្ថាន បានភ្ជាប់មកជាមួយនឹងលទ្ធផលជាផ្លែផ្កាជាច្រើន ក្រោមកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងជប៉ុនលើវិស័យបរិស្ថានសំខាន់ៗ រួមមាន៖ ការពង្រឹង និងពង្រីកយន្តការឥណទានរួម ដែលមានស្រាប់ និងគម្រោងផ្នែកជីវម៉ាស, សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខណ្ឌអាស៊ាន, ការគាំទ្រលើផែនការជាតិ ស្តីពី ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស ប្រព័ន្ធព្រមានជាមុន, ការគ្រប់គ្រងសំណល់រឹង ការកែច្នៃសំរាម-សំណល់ឡើងវិញ និងការទាញយកថាមពលអគ្គីសនីពីសំណល់។

លើសពីនេះ ក៏មានការផ្សព្វផ្សាយព័ត៌មានអំពីផលប៉ះពាល់នៃសំរាម-សំណល់ និងការផលិតថង់ជីវម៉ាសងាយបំបែកធាតុ និងការគ្រប់គ្រង និងផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងឧទ្យានជាតិ, ការគ្រប់គ្រងនិងការពារការបំពុល៖ កម្ពុជាបាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈ និងសុខុមាលភាពប្រព័ន្ធអេកូឡូស៊ីឱ្យកាន់តែប្រសើរឡើង និងការអភិរក្សជីវៈចម្រុះ៖ ការទទួលស្គាល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិថាជា «ហេដ្ឋារចនាសម្ព័ន្ធធម្មជាតិ»។

គួរឱ្យដឹងថា ការការពារ ស្តារឡើងវិញ និងការគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះស្របតាមដំណោះស្រាយធម្មជាតិ គឺជាភារកិច្ចដ៏មានសារៈសំខាន់បំផុតក្នុងបរិបទបរិស្ថានសកល ជាពិសេសការប្រែប្រួលអាកាសធាតុ សម្រាប់ការសម្រេចឱ្យបានគោលដៅអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៥០ របស់កម្ពុជា និងចក្ខុវិស័យរបស់កម្ពុជានាឆ្នាំ២០៥០។

សូមជម្រាបថា លោក អ៊ាង​ សុផល្លែត កាលពីល្ងាចថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពីបរិស្ថាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ គិតមកដល់ថ្ងៃទី១៩ ខែកុម្ភៈនេះ មានរយៈពេល៤ថ្ងៃដែល លោក អ៊ាង សុផល្លែត ទៅទស្សនកិច្ច ចូលរួមក្នុងកិច្ចការនានាលើវិស័យបរិស្ថាន ក្នុងប្រទេសជប៉ុន៕