កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជម្រាបជូនសាធារណជនថា ក្នុងឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា នឹងអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ទិវា ៨ឧសភា) ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា មូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នេះ បង្ហាញពីសុច្ឆន្ទៈរបស់កាកបាទក្រហមកម្ពុជា ក្នុងការអំពាវនាវបងប្អូនរួមជាតិគ្រប់មជ្ឈដ្ឋាន បន្តរួមកម្លាំងសាមគ្គីភាពជាតិរឹងមាំដើម្បីភាពធន់ និងត្រូវនាំគ្នាជម្នះលើរាល់ការលំបាកទាំងឡាយ ក្នុងស្ថានភាពមិនប្រាកដប្រជាផ្នែកនយោបាយ សេដ្ឋកិច្ច វិបត្តិភ័យ ទំនាស់ តាមតំបន់នានានៅក្នុងសកលលោក។ ដោយឡែកសម្រាប់កម្ពុជា យើងនៅមានតម្រូវការចាំបាច់ក្នុងការបន្តជួយដល់ប្រជាជនភៀសសឹក និងគ្រួសារយុទ្ធជនរបួស និងពលីក្នុងសមរភូមិដែលបង្កឡើងដោយសារជម្លោះតាមព្រំដែនរវាងកម្ពុជា-ថៃ និងត្រូវជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំងឡាយ។
ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ និងនៅក្នុងរយៈពេល ៦សប្តាហ៍ ដើមឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជាបានប្រើប្រាស់មូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានធ្វើប្រតិបត្តិការផ្ដល់ស្បៀង សម្ភារៈ ជូនប្រជាជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា គ្រួសារវីរយុទ្ធជនពលី និងរងរបួស និងរងគ្រោះដោយគ្រោះមហន្តរាយរាយនានា បានជាង១១ម៉ឺនគ្រួសារ, អ្នកទទួលផលពីសកម្មភាពអប់រំផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលរាប់សែនគ្រួសារទៀត។
កាកបាទក្រហមកម្ពុជាបានបន្ថែមថា ដើម្បីមានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ជាជំនួយការជូនរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា សូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។
សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចបរិច្ចាគជូនកាកបាទក្រហមកម្ពុជា តាមរយៈក្រុមការងារនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជាចាប់ពីថ្ងៃចេញសេចក្ដីប្រកាសនេះតទៅ ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា៕


