ខេត្តបាត់ដំបង រៀបចំតំបន់មួយដែលស្រដៀងទៅនឹង Pub Street នៅខេត្តសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំតំបន់មួយដែលស្រដៀងទៅនឹង Pub Street នៅខេត្តសៀមរាបនាពេលខាងមុខ ដើម្បីឲ្យក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរឲ្យមកធ្វើដំណើរកំសាន្ត នៅក្នុងខេត្តបាត់ដំបងបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងជំនួបជាមួយលោកស្រី Aurelie Vincq អគ្គលេខាធិការសាលាសៀកអេសាក់តូកាល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ការជួបពិភាក្សាការងារនេះ គឺដើម្បីរាយការណ៍អំពីសមាគមហ្វារពន្លឺសិល្បៈ ដែលកំពុងអនុវត្តន៍គម្រោងផ្លាស់ប្ដូរគរុកោសល្យរវាងសមាគមហ្វារពន្លឺសិល្បៈ និងសាលាសៀកបារាំង អេសាក់តូ នៅតំបន់អុកស៊ីតានី ប្រទេសបារាំង ។

ទន្ទឹមគ្នានេះ លោកក៏ប្រកាសឲ្យដឹងថា នៅពេលខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំតំបន់មួយដែលស្រដៀងទៅនឹងPub Street នៅខេត្តសៀមរាប ពោលគឺជាតំបន់ដែលភ្ញៀវទេសចរអាចធ្វើដំណើរកំសាន្ត មានភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។

លោកថា នៅពេលដំណើរការរៀបចំបានរួចហើយ រដ្ឋបាលខេត្តនឹងធ្វើការសហការជាមួយសមាគមន៍ហ្វារពន្លឺសិល្បៈ ដើម្បីរៀបចំការសម្ដែងសិល្បៈផ្សេងៗនៅក្នុងថ្ងៃណាមួយ ដើម្បីឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានយល់ដឹង និងបានទស្សនាការសម្ដែងសិល្បៈពីសិល្បករក្នុងខេត្តរបស់យើងថែមទៀត ។

យ៉ាងណា ទោះជាមិនទាន់បានបញ្ជាក់ពីទីតាំង និងពេលវេលាជាក់លាក់ សម្រាប់ដំណើរការរៀបចំតំបន់មួយដែលស្រដៀងទៅនឹងPub Street នៅខេត្តសៀមរាបក្តី។ ក៏លោកអភិបាលខេត្ត បានបង្ហាញក្តីរំពឹងទុកថា អង្គការហ្វារពន្លឺសិល្បៈ នឹងបន្តធ្វើការបណ្ដុះបណ្ដាលដល់យុវជន យុវនារី ជាពិសេសគឺផ្នែកសិល្បៈនេះ ដើម្បីលើកស្ទួយវិស័យសិល្បៈនៅក្នុងខេត្ត និងដើម្បីលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់សិល្បៈដែលមានសាលាបណ្ដុះបណ្ដាលវិស័យសិល្បៈបែបនេះ ។

គួរជម្រាប់ជូនដែរថា ទាក់ទិនទៅនឹងខេត្តបាត់ដំបងនេះដែរ នៅក្នុងខែមេសា ខាងមុខនេះ អ្នកវិនិយោគជប៉ុន នឹងមកធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង ដើម្បីសិក្សាលទ្ធភាពវិនិយោគបង្កើតរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសនិងទីក្រុងឆ្លាតវៃ នៅក្នុងខេត្តមួយនេះផងដែរ។នេះបើតាមការឲ្យដឹងពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង៕
អត្ថបទ៖រង្សី