លោក វ៉ាន់ អៀន៖ ពូជតាសក់ផ្អែមបីប្រភេទ កំពុងមានតម្រូវការទីផ្សារល្អ

សង្គម​និង​សេដ្ឋកិច្ច

តាសក់ផ្អែមជាដំណាំមួយប្រភេទដែលគេនិយមទទួលទាន ជាដំណាំអាចដាំនៅដីអំណោយផល មានអាកាសធាតុល្អ ជាពិសេសតាសក់ផ្អែមមានតម្រូវការទីផ្សារ អាចលក់បានក្នុងតម្លៃខ្ពស់ ទទួលបានចំណេញច្រើន។ជាមួយគ្នានេះ តាសក់ផ្អែមមានច្រើនពូជ ច្រើនប្រភេទ ដែលជាការនិយមដាំ និងនិយមបរិភោគតាមប្រទេសនានា ប៉ុន្តែដោយសារកម្ពុជាមានតម្រូវការ និងនិយមបរិភោគតែបីប្រភេទប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក វ៉ាន់ អៀន ​ប្រធានសមាគមតាសក់ផ្អែម សៀមរាបមានជ័យ

លោក វ៉ាន់ អៀន ប្រធានសមាគមតាសក់ផ្អែម សៀមរាបមានជ័យ ឱ្យដឹងថា ពូជតាសក់បីប្រភេទដែលកម្ពុជានិយមដាំ និងបរិភោគ ជាពិសេសកំពុងមានទីផ្សារល្អ គឺតាសក់ផ្អែមពូជពណ៌ស ពូជពណ៌លឿង និងតាសក់ផ្អែមពូជសំណាញ់។ពូជទាំងបីប្រភេទនេះទិញពីប្រទេសខុសៗគ្នា រួមមានមកពីតៃវ៉ាន់ ថៃ ម៉ាឡេស៊ី។ចំពោះទីផ្សារគឺផ្តោតលើតម្រូវការរបស់អតិថិជន លក់ដាច់ប្រហាក់ប្រហែលគ្នា មានតម្រូវទីផ្សារខ្ពស់ដូចគ្នា។

លោកបន្តថា ជាក់ស្តែងបច្ចុប្បន្នខាងសមាគមតាសក់ផ្អែកសៀមរាបមានជ័យ ផលិតពូជតាសក់ទាំងបីប្រភេទនេះបានច្រើន ដែលអាចលក់បានចន្លោះពី ២៥តោន ទៅ៤០តោន ក្នុងមួយខែៗ ទៅកាន់ទីផ្សារប្រមាណ៣៥ផ្សារ ដែលបានធ្វើកុងត្រាហើយនិងកិច្ចសន្យាទិញលក់ លក់បោះដុំ-រាយ និងលក់តាមតំបន់ទេសចរណ៍ជាដើម។ចំពោះទីផ្សារក្រៅស្រុកវិញ កន្លងមកធ្លាប់បាននាំចេញទៅប្រទេសជប៉ុនប្រមាណ៤០តោន ដើម្បីធ្វើការ៉េម ប៉ុន្តែដោយសារតាសក់ធ្វើការ៉េមពិបាកទើបមានការផ្អាកវិញ។ក្រៅពីនេះ ក៏មានខាងប៉ែកអ៊ឺរ៉ុបធ្លាប់បានយកតាសក់នេះទៅធ្វើតេស្តរួចម្តងហើយ រហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបនៅឡើយទេ។

លោកបានបន្តទៀតថា តាសក់ទាំងបីប្រភេទនេះ មានទម្ងន់មិនខុសគ្នាប៉ុន្មាននោះទេ ជាមធម្យមជាង១គីឡូ ដល់ជាង២គីឡូក្រាម ក្នុង១ផ្លែ ទៅតាមរដូវកាល បើរដូវត្រជាក់ផ្លែមិនសូវធំទេ តែបើខែក្តៅផ្លែធំៗល្អ។ហើយតម្លៃលក់ពីសមាជិកមកដល់សមាគមបែងចែកជាពីរប្រភេទ តាសក់ផ្អែមសាច់លឿង លេខ១ ទម្ងន់១គីឡូ ៣ខាំឡើងទៅ តម្លៃ ៣០០០រៀលក្នុងមួយគីឡូក្រាម ចំពោះសំណាញ់ និងពណ៌សទម្ងន់ដូចគ្នាមានតម្លៃ៣៥០០រៀល ក្នុងមួយគីឡូក្រាម។ចំណែកតម្លៃលេខ២គិតពី៩ខាំដល់១គីឡូ១ខាំ តម្លៃ២០០០រៀលក្នុងមួយគីឡូក្រាម។លោកបញ្ជាក់ថា តម្លៃប៉ុណ្ណឹងអាចទទួលយកបាន សមាមាត្រនឹងតម្លៃផលិតរបស់កសិករហើយ។

បើតាមលោក វ៉ាន់ អៀន ការដាំតាសក់ផ្អែមដែលមានរសជាតិផ្អែម ឆ្ញាញ់ គឺត្រូវដាំតាមស្តង់ដារ ជាពិសេសគឺការប្រើប្រាស់ជីកំប៉ុស្តិ៍ ទើបទទួលបានរសជាតិឆ្ញាញ់ មានទម្ងន់ធ្ងន់ និងមានតម្រូវការទីផ្សារល្អ។ការធ្វើបែបនេះនឹងការគាំទ្រពីអតិថិជន ពិសេសអ្នកដែលទិញហូបមិនថាទិញផ្ទាល់ មិនថាទិញប្រយោលពួកគាត់គាំទ្រភាគច្រើនគាត់ទិញហូបហើយឆ្ញាញ់ចង់ទិញបន្តទៀត។

ទោះបីយ៉ាងណា ប្រធានសមាគមរូបនេះ បានគូសបញ្ចាក់ថា ការធ្វើកសិកម្មតែងតែជួបនូវបញ្ហាផ្សេងៗ ដែលសមាគមតាសក់ផ្អែមលោកផ្ទាល់នៅមានបញ្ហាទៅលើសត្វល្អិតបំផ្លាញ អាកាសធាតុជាដើម ព្រោះដំណាំនេះទទួលរងនឹងជំងឺខ្លាំងណាស់ ហេតុនេះហើយបណ្តាលឱ្យសមាជិកសមគមប្រមាណជាង៣០០គ្រួសារ ផលិតមិនបានគ្រប់ តែងតែខ្វះខាតជាហូហែរ។

ប៉ុន្តែសមាគម នៅតែបន្តពង្រីកនូវការដាំបន្ថែម និងបានធ្វើផែនការអាជីវកម្មជាមួយដៃគូ និងកសិករ ដាក់គោលដៅក្នុងឆ្នាំ២០២៤នេះ ត្រូវតែផលិតតាសក់ផ្អែមឱ្យបានច្រើន ឱ្យមានគុណភាពជាងឆ្នាំមុនៗ អាចលក់ចេញក្នុងចន្លោះពី៣០តោន ទៅ៤៥តោនក្នុងមួយខែៗ ព្រោះលោកមើលឃើញថាតាសក់ផ្អែមនេះពិតជាមានទីផ្សារល្អ។ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋជាពិសេសឱ្យអតិថិជនជួយគាំទ្រផលិតផលតាសក់ផ្អែមបន្ថែមទៀតផងដែរ៕