អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកនៃក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តសិល្បករ ព្រមទាំងក្រុមការងារស្ម័គ្រចិត្តទាំងអស់គ្នា ក្នុងការគំនូរនៃព្រឹត្តិការណ៍ «សិល្បៈដើម្បីសន្តិភាព» នៅសួនវត្តបុទមវត្តី រាជធានីភ្នំពេញ។

លោក តាន់ គឹមសួរ ប្រធានគម្រោងគំនូរសិល្បៈដើម្បីសន្តិភាព បានបង្ហាញរូបភាពនិងសារលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា៖ “សូមគោរពថ្លែងអំណរគុណ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកនៃក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលបានអញ្ជើញមកសួរសុខទុក្ខ និងលើកទឹកចិត្តសិល្បករ និងក្រុមការងារស្ម័គ្រចិត្តទាំងអស់គ្នា”។
អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ ចូលរួមគាំទ្រយ៉ាងពេញទំហឹង និងចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ២,៤០០ដុល្លារ ដល់ផ្ទាំងគំនូរសិល្បះដើម្បីសន្តិភាពលើកទី២ រាជធានីភ្នំពេញ ដែលមានប្រវែងទទឹង រហូតដល់៣៥ម៉ែត្រ និងកំពស់៥ម៉ែត្រ ក្រោមស្នាដៃវិចិត្រករកូនខ្មែរជាច្រើនរូប។
ផ្ទាំងគំនូរនៃភាពឈឺចាប់ដែលរងការឈ្លានពានពីសំណាក់យោធាថៃ មកលើកម្ពុជា នឹងលេចចេញរូបរាងឡើង នៅសួនទល់មុខវត្តបុទុម រាជធានីភ្នំពេញ។ លោក តាន់ គឹមសួរ ប្រធានគម្រោងគំនូរសិល្បៈដើម្បីសន្តិភាព បានឱ្យដឹងថា គោលបំណងរៀបចំផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពលើកទី២ នៅរាជធានីភ្នំពេញ មិនខុសពីនៅខេត្តសៀមរាបនោះទេ គឺជាការដង្ហោយហៅ បន្លឺនូវសម្លេងដ៏មានឥទ្ធិពលតាមរយៈសិល្បៈ ទៅកាន់ឆាកអន្តរជាតិ៕






