ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ បានព្រមានថាបើប្រទេសណាមួយដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបសម្រេចបានថ្មីៗជាមួយសហរដ្ឋអាមេរិក នោះនឹងត្រូវទទួលរងពន្ធគយខ្ពស់ជាងមុន ក្រោមច្បាប់ពាណិជ្ជកម្មផ្សេងៗគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសរបស់លោក ត្រាំ បែបនេះ បានកើតឡើងបន្ទាប់ពីតុលាការកំពូលអាមេរិកកាលពីសប្តាហ៍មុន បានសម្រេចបដិសេធទៅលើគោលនយោបាយពន្ធគយចាស់របស់ប្រធានាធិបតីអាមេរិករូបនេះ ដោយផ្អែលទៅលើច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ១៩៧៧ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានក៏បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនទៀតថា ៖” បើប្រទេសណាមួយដែលចង់លេងល្បែង ជាមួយនឹងការសម្រេចចិត្តរបស់តុលាការកំពូលដ៏គួរឲ្យអស់ចំណើច ជាពិសេសប្រទេសដែលបោកប្រាស់សហរដ្ឋអាមេរិកអស់ពេលជាច្រើនឆ្នាំ និងសូម្បីតែអស់រាប់ទសវត្ស នឹងត្រូវប្រឈមមុខជាមួយពន្ធគយខ្ពស់ជាងនេះ និងអាក្រក់ជាងអ្វីដែលពួកគេទើបតែយល់ព្រមថ្មីៗនេះ”។
មិនតែប៉ុណ្ណោះ លោក ត្រាំ បាននិយាយបន្ថែមទៀតថា ទោះបីជាតុលាការបានសម្រេចលុបចោលពន្ធគយចាស់របស់លោកក្រោមច្បាប់ IEEPA ក៏ដោយ ប៉ុន្តែលោកនៅតែអាចប្រើសមត្ថភាពក្នុងការដាក់ពន្ធគយក្រោមអាជ្ញាធរផ្លូវច្បាប់ផ្សេងទៀត តាមរបៀបដ៏មានឥទ្ធិពល និងកាន់តែខ្ពស់ជាងមុន ដោយមានភាពច្បាស់លាស់ផ្នែកច្បាប់ ជាងពន្ធគយដែលលើបានប្រើពីពេលដំបូងទៅទៀត។
ជម្រាបជូនថា ក្រោមការសម្រេចរបស់តុលាការកំពូល លោក ត្រាំ បានប្រកាសដំបូងអំពីពន្ធគយបណ្ដោះអាសន្ន ក្នុងអត្រា ១០% ប៉ុន្តែក្រោយមកបានដំឡើងវាដល់ ១៥% សម្រាប់ការនាំចូលទំនិញពីគ្រប់ប្រទេសទាំងអស់នៅទូទាំងពិភពលោក៕

