អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចធិបតី កំពុងបំពេញបេសកកម្មការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ខណៈពេលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបំពេញបេសកកម្មការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ។ ដោយអ្នកនាំពាក្យបញ្ជាក់ថា គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីបញ្ហាសំខាន់ៗដែលថ្នាក់តំបន់ និងអន្តរជាតិកំពុងប្រឈមមុខ ខណៈដែលបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយដែលសហគមន៍អន្តរជាតិបាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា បន្ទាប់ពីចប់ពីសហរដ្ឋអាម៉េរិក សម្តេចប្រមុខរាជរដ្ឋាភិបាលបានអញ្ជើញដល់ទ្វីបអឺរ៉ុប និងកំពុងមមាញឹកក្នុងការជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃស្ថាប័នកំពូលអន្តរជាតិ ដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងអនុប្រធានកាកបាទក្រហមអន្តរជាតិព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាមានដូចជា ប្រធានាធិបតីទីម័រឡេស្តេ ជាដើម។

គោលបំណងនៃជំនួបទាំងនោះ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថាដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីបញ្ហាសំខាន់ៗដែលថ្នាក់តំបន់ និងអន្តរជាតិកំពុងប្រឈមមុខ ខណៈដែលបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយដែលសហគមន៍អន្តរជាតិបាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់។

ជាក់ស្តែងនៅទីក្រុងវ៉ាស៊ីនតោន សម្តេចធិបតី បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា និងបានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនិងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែងវិញ និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬមិនប្រើកម្លាំង។

ក្រឡេកមើលមកក្នុងប្រទេសវិញ សកម្មភាពការទូតក៏បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មមមាញឹក។ ជាក់ស្តែង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជាដែលកងទ័ពថៃបានឈ្លានពានកាន់កាប់ដោយអាវុធ ហើយបន្តដាក់ពង្រាយទូកុងទីន័រ និងបន្លាលួសបិទផ្លូវរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល នេះមិនមែនជាលើកដំបូងទេ ដែលសកម្មភាពការទូតបែបនេះត្រូវបានរៀបចំឡើង ប៉ុន្តែវាគឺជាការបន្តធ្វើជាប្រចាំ យ៉ាងសកម្ម និងឥតឈប់ឈរក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារប្រជាពលរដ្ឋដែលរងការរំលោភបំពាន។ ក្រៅពីនោះ ក្រសួងការបរទេស ក៏តែងតែធ្វើបទបង្ហាញជូនប្រធាននិងតំណាងនៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិអំពីបច្ចុប្បន្នភាពនៃការវិវត្តន៍ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ចំណែកស្ថានតំណាងកម្ពុជានៅក្រៅប្រទេសក៏បានធ្វើចលនាការទូតយ៉ាងសកម្មដើម្បីឱ្យបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិបានយល់ពីការពិតនិងពីជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាដែលទាមទារចង់បានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ៕