អាមេរិក ថាការលក់ប្រេងរបស់ប្រទេសវេណេស៊ុយអេឡាកើនឡើងជិត ២ពាន់លានដុល្លារ

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងថាមពលសរដ្ឋអាមេរិក លោក Cris Wright បាននិយាយថា ប្រាក់ចំណូលបានពីកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស ត្រូវបានគេរំពឹងទុកថានឹងកើនឡើងដល់ ២ពាន់លានដុល្លារ នៅខែនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Wright បាននិយាយកាលពីថ្ងៃទី២៦ ខែកុម្ភៈថា អតិថិជនជាច្រើននៅអាស៊ី និងអឺរ៉ុបកំពុងចរចាកិច្ចព្រមព្រៀងនាំចូលប្រេងនាពេលអនាគតដ៏ខ្លីខាងមុខ ដោយប្រេងចំនួន ៤០ លានបារ៉ែលនឹងត្រូវលក់ចេញ នៅចុងខែកុម្ភៈ ក្នុងតម្លៃប្រហែល ៥០ដុល្លារក្នុងមួយបារ៉ែល។

លើសពីនេះ លោក Wright បញ្ជាក់ទៀតថា​៖”ប្រេងភាគច្រើននឹងត្រូវបានដឹកជញ្ជូនទៅកាន់ទឹកដីសហរដ្ឋអាមេរិកដែលមានព្រំប្រទល់ជាប់ឈូងសមុទ្រម៉ិកស៊ិក ក៏ដូចជាប្រទេសឥណ្ឌា អាស៊ី និងអឺរ៉ុប។ រាល់ប្រេងដែលផលិតបាននឹងត្រូវលក់ចេញ ដូច្នេះសំណួរតែមួយគត់គឺថាតើវានឹងត្រូវលក់នៅឯណា” ។ លោកបន្ថែមថា ប្រាក់ចំណូលពីកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងរវាងសហរដ្ឋអាមេរិក និងប្រទេសវេណេស៊ុយអេឡាត្រូវបានគេរំពឹងថានឹងឈានដល់ ២ពាន់លានដុល្លារនៅខែនេះ។

ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក បានរឹបអូសការគ្រប់គ្រងការនាំចេញប្រេងរបស់វេណេស៊ុយអេឡា បន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការដើម្បីចាប់ខ្លួនប្រធានាធិបតីលោក Nicolas Maduro និងភរិយារបស់លោក កាលពីដើមខែមករាកន្លងទៅ។ ហើយសម្រាប់ប្រាក់ចំណូលនឹងត្រូវផ្ទេរទៅកាន់មូលនិធិដែលត្រួតពិនិត្យដោយសហរដ្ឋអាមេរិក នៅប្រទេសកាតា៕