ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបញ្ជាក់ថា មេដឹកនាំកំពូល លោក Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយរដ្ឋាភិបាល IRGC បានសន្យាថានឹងធ្វើការសងសឹកវិញយ៉ាងខ្លាំងក្លាទីបំផុត។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់បានប្រកាសនៅថ្ងៃនេះថា៖ “យើងសូមជម្រាបជូនប្រជាជនអ៊ីរ៉ង់ថា មេដឹកនាំកំពូល Khamenei ដែលជាមេដឹកនាំកំពូលនៃបដិវត្តន៍អ៊ីស្លាម ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែលមានការសម្របសម្រួលដោយឧក្រិដ្ឋជនអាមេរិក និងអ៊ីស្រាអែល”។
តាមរយៈការបាត់បង់មេដឹកនាំកំពូលរបស់ខ្លួននេះ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៤០ថ្ងៃ រួមទាំងថ្ងៃឈប់សម្រាកជាតិចំនួនប្រាំពីរថ្ងៃបន្ថែមទៀត ផងដែរ។
ទន្ទឹមនឹងនេះ ទូរទស្សន៍អ៊ីរ៉ង់បានរាយការណ៍ថា លោក Khamenei កំពុងស្ថិតនៅក្នុងការិយាល័យរបស់លោក នៅកណ្តាលទីក្រុងតេអេរ៉ង់ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើកដំបូង។ រូបភាពតាមរយៈផ្កាយរណបដែលចេញផ្សាយដោយក្រុមហ៊ុន Airbus បានបង្ហាញថា ទីតាំងនេះត្រូវបានទទួលរងនូវការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ ហើយចំពោះការស្លាប់របស់លោកនៅក្នុងការិយាល័យរបស់ខ្លួននេះ បានបង្ហាញថា លោកតែងតែឈរនៅជាមួយប្រជាជន ហើយនៅជួរមុខក្នុងការបំពេញកាតព្វកិច្ចរបស់លោកជានិច្ច។
ជម្រាបជូនថា នៅថ្ងៃទី២៨ ខែកុម្ភៈ យោធាអាមេរិក និងអ៊ីស្រាអែលបានបើកការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ ដោយកំណត់គោលដៅលើមូលដ្ឋានការពារជាតិ និងចារកម្ម ក៏ដូចជាមន្ត្រីជាន់ខ្ពស់ និងឧត្តមសេនីយ៍មួយចំនួន។ មនុស្សជាង ២០០ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់។
អ៊ីរ៉ង់បានចាប់ផ្តើមយុទ្ធនាការសងសឹកយ៉ាងឆាប់រហ័សដោយកំណត់គោលដៅលើទឹកដីអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានអាមេរិកមួយចំនួននៅមជ្ឈិមបូព៌ា ដោយបង្កការខូចខាតដល់សត្រូវ។ យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល៕

