ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកយោបល់ថា កម្ពុជាគួរចងក្រង និងប្រមូលឯកសារពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់អាមេរិក-អ៊ីស្រាអែល ក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់។ ដោយលើកហេតុផលថា ការសិក្សាឯកសារពីប្រទេសមហាអំណាចដែលមានការអភិវឌ្ឍខ្ពស់ផ្នែកផលិតអាវុធ និងបច្ចេកវិទ្យាទំនើប គឺអាចជាមូលដ្ឋានសម្រាប់បង្រៀន និងបណ្តុះបណ្តាលកងទ័ពកម្ពុជា ក្នុងប្រតិបត្តិការសង្គ្រាមសតវត្សរ៍ទី២១។

អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣មីនានេះថា «ជាគំនិតដ៏តូចមួយទេ! នៅយប់ថ្ងៃទី២ កុម្ភៈ ២០២៦ ទូរទស្សន៍ CNN បានផ្សាយផ្ទាល់បទឧទ្ទេសរបស់ អគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិកបាននិយាយស្ទើរលម្អិតពីប្រតិបត្តិការអាមេរិក-អ៊ីស្រាអែល ដើម្បីកាត់ក្បាលម៉ាស៊ីនដឹកនាំអ៊ីរ៉ង់»។
ឯកឧត្តម បានផ្តល់ជាយោបល់ថា «ក្រសួងការពារជាតិគួរចងក្រងប្រមូលឯកសារទាំងនេះដើម្បីចងក្រង និងបកប្រែសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេស និងជាឯកសាររៀនសូត្រសម្រាប់កងទ័ពយើងដើម្បីយល់ពីប្រតិបត្តិការសង្គ្រាមសតវត្សរ៍ទី២១នេះ»។

វាជារឿងដ៏កម្រដែលប្រទេសមហាអំណាចទម្លាយជាសាធារណៈអំពីប្រតិបត្តិការយោធាលើប្រទេសអ៊ីរ៉ង់។ អាមេរិកបើកប្រតិបត្តិការយោធាដែលមានឈ្មោះថា «Operation Epic Fury» ដោយបង្ហាញពីការបាញ់បង្ហោះយន្តហោះជាង ១០០គ្រឿង សង្គ្រាមតាមអ៊ីនធឺណិត និងអវកាស និងការវាយប្រហារលើគោលដៅអ៊ីរ៉ង់ជាង ១ ០០០កន្លែង។ ប្រតិបត្តិការនេះ កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការរៀបចំកងការពារដែនអាកាស ត្រួតពិនិត្យប្រព័ន្ធដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ អ្នកបើកយន្តហោះ និងក្រុមនាវិកបានហាត់សមក្នុងការវាយប្រហារជាលើកចុងក្រោយ និងមានក្រុមវាយប្រហារនាវាផ្ទុកយន្តហោះផងដែរ។

សូមជម្រាបថា សហរដ្ឋអាមេរិក-អ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ការវាយប្រហារនោះបានផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ហើយឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ និងមន្ត្រីកំពូលៗច្រើននាក់ថែមទៀតផង។ ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា៕

