ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា-សិង្ហបុរី នឹងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១០ពាន់លានដុល្លារអាមេរិក។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ដែលមានការកើនឡើងនិងមានការពេញចិត្ត ដែលពេលនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងដល់ជាង៥ពាន់លានដុល្លារ ហើយសម្ដេច ក៏សង្ឃឹមថារដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងនិងដាក់គោលដៅបន្តទៀតធ្វើយ៉ាងណាសម្រេចឱ្យបាន១០ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់នេះ។
សម្ដេចតេជោ ក៏បានចាត់ទុកថាទំនាក់ទំនងនយោបាយ ការទូត និងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជារឿងដ៏ចាំបាច់ ដែលជាផ្នែកក្នុងការរុញច្រាននូវទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរីឱ្យមានភាពល្អប្រសើរ។

ជាមួយគ្នានេះ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរី ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឆ្នាំកន្លងទៅដែលទំនាក់ទំនងបានកើនឡើងតាមរយៈវិស័យពាណិជ្ជកម្ម និងនយោបាយរីកចម្រើនទៅទន្ទឹមគ្នា។
សូមជម្រាប់ថា តាមរយៈជំនួបខាងលើ សម្ដេចតេជោ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រីឯកអគ្គរាជទូតសិង្ហបុរីក្នុងឋានៈជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលលោកស្រីបានខិតខំប្រឹងប្រែងក្នុងការពូនជ្រំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឱ្យមានភាពល្អប្រសើរ៕អត្ថបទ៖ហ្សាលីន

