រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ជូននូវភាពជាម្ចាស់កម្មសិទ្ធិ ១០០% ដល់វិនិយោគិនបរទេស

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្តល់ជូននូវភាពជាម្ចាស់កម្មសិទ្ធិ ១០០% ដល់វិនិយោគិនបរទេស និងបានធ្វើឌីជីថលូបនីយកម្មឱ្យកាន់តែពេញលេញនូវបរិយាកាសគតិយុត្ត និងនីតិវិធី។នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦ កាលថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសរំលេចថា, រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់កម្មសិទ្ធិ ១០០% ដល់វិនិយោគិនបរទេស និង បានធ្វើឌីជីថលូបនីយកម្មឱ្យកាន់តែពេញលេញនូវបរិយាកាសគតិយុត្ត និង នីតិវិធី ។ សម្តេចធិបតីបន្តថា កម្ពុជាប្តេជ្ញាចិត្ត ចំពោះរបៀបវារៈគាំទ្រធុរកិច្ច ដែលកាត់បន្ថយឧបសគ្គ និង បង្កើនល្បឿនទៅកាន់ទីផ្សារឱ្យបានជាអតិបរមា។

សម្តេចបន្ថែមថា កម្ពុជាក៏កំពុងអនុវត្តគម្រោង «បដិវត្តកម្មជំនាញ» ដ៏ធំមួយ តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្រាប់យុវជនចំនួន ១,៥ លាននាក់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី ១ និងបានដាក់ចេញនូវកម្មវិធី លើកកម្ពស់ភាពប្រកួតប្រជែង, បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់។

ជាថ្មីម្តងទៀត សម្តេចធិបតី អះអាងថា កម្ពុជាផ្តល់ជូននូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ គួរឱ្យទាក់ទាញ សម្រាប់វិនិយោគិនសកល ដោយឈរលើស្ថិរភាពនយោបាយ, ភាពធន់ផ្នែកម៉ាក្រូសេដ្ឋកិច្ច, លទ្ធភាពចូលទៅក្នុងទីផ្សារ ដ៏ទូលំទូលាយ, និង ក្របខ័ណ្ឌគតិយុត្ត ដែលគាំទ្រដល់ការកែទម្រង់ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ។

តាមរយៈកិច្ចប្រជុំខាងលើ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយជាតិ ពីការទប់ស្កាត់ ទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Centers) ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ។ បន្ថែមពីនេះ, រាជរដ្ឋាភិបាលបានអនុវត្តរបៀបវារៈកែទម្រង់ ដែលគាំទ្រដល់ធុរកិច្ច និងការវិនិយោគ ដោយផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពប្រកួតប្រជែង ដូចជា ការលើកលែងពន្ធរហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាព។ កម្ពុជាក៏ផ្តល់ជូននូវស្ថិរភាព, ការគាំទ្រផ្នែកច្បាប់, និងទីតាំងយុទ្ធសាស្ត្រ ដើម្បីធានាភាពជោគជ័យរបស់ធុរជន និងវិនិយោគិនទាំងអស់ផងដែរ៕ អត្ថបទ៖ ហ្សាលីន