សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យផ្តល់ប្រាក់ឧបត្ថម្ភជូនដល់មន្ត្រីរាជការគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (ឆ្នាំមមី) និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

តាមរយៈអនុក្រឹត្យនេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចំនួន ៥០,០០០រៀល និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំមមី ចំនួន ៥០,០០០រៀលក្នុងម្នាក់ ជូនដល់៖ មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលកម្ពុជា មន្ត្រីពន្ធនាគារ យោធិន មន្ត្រីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្ត្រីរាជការ នៃគ.ជ.ប មន្ត្រីខុទ្ទកាល័យ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីការិយាល័យប្រជាពលរដ្ឋ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែត ព្រមទាំងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាអតីតមន្ត្រី។
ចំពោះគ្រួសារជនពលីនិងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ត្រូវបានផ្តល់ជូនប្រាក់ឧបត្ថម្ភនេះ ចំនួន ៥០,០០០រៀលដូចគ្នា ក្នុងមួយគ្រួសារ។ សូមជម្រាបថា ប្រាក់ឧបត្ថម្ភនេះ ត្រូវបានបើកផ្តល់សម្រាប់ម្នាក់ៗ ឬមួយគ្រួសារតែមួយកន្លែង និងមួយលើកប៉ុណ្ណោះ៕




