កម្ពុជា-សហភាពអឺរ៉ុប នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-សហភាពអឺរ៉ុប នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី សំដៅឈានទៅអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អ៉ឺរ៉ុប-អាស៊ាន EU-ABC) ដឹកនាំដោយ លោក Noel Clehane អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអ៉ឺរ៉ុប-អាស៊ាន EU-ABC កាលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ  ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីឧត្តមភាពនៃសក្តានុពលវិនិយោគកម្ពុជា ដោយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកែទម្រង់ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគបរទេស តាមរយៈការអនុវត្ត ច្បាប់ស្តីពីការវិនិយោគ ដែលមានការលើកទឹកចិត្តជាច្រើន, រាជរដ្ឋាភិបាលដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់វិស័យឯកជន, កម្លាំងពលកម្មវ័យក្មេងនិងស្វាហាប់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទីតាំងភូមិសាស្ត្រដ៏មានសក្តានុពលរបស់កម្ពុជាដែលស្ថិតនៅចំកណ្តាលមហាអនុតំបន់ទន្លេមេគង្គ។

ជាមួយគ្នានេះ គណៈប្រតិភូ EU-ABC មិនត្រឹមតែជាការសម្តែងការគួរសមប៉ុណ្ណោះទេ ប៉ុន្តែគឺជា វេទិកាទំនាក់ទំនងរវាងរដ្ឋនិងឯកជនដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈម និងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ។ គណៈប្រតិភូ EU-ABC បន្តថា ជំនួបនេះត្រូវបានរំពឹងថានឹងបង្កើនទំនុកចិត្តរបស់វិនិយោគិនអ៉ឺរ៉ុបមកលើទីផ្សារកម្ពុជា និងបន្តជំរុញឱ្យមានការវិនិយោគថ្មីៗបន្ថែមទៀត។

តាមរយៈអង្គប្រជុំនេះ ភាគីទាំងពីរ ភាគីទាំងពីរ ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងសហភាពអ៉ឺរ៉ុប ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ជាមួយគ្នានេះ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអ៉ឺរ៉ុប-អាស៊ាន (EU-ABC)ដែលមានតំណាងក្រុមហ៊ុនអ៉ឺរ៉ុបធំៗជាច្រើន បានបង្ហាញការចាប់អារម្មណ៍ក្នុងការស្វែងយល់ និងទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា ដែលជាសមាជិកដ៏សំខាន់មួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ផងដែរ៕ អត្ថបទ៖ ហ្សាលីន