រដ្ឋចំនួន ២៤ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែមីនា បានប្តឹងរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំពោះការដាក់ពន្ធនាំចូលបន្ថែម ១០% លើដៃគូពាណិជ្ជកម្មទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដ្ឋដែលបានដាក់ពាក្យបណ្តឹងនេះ បានអះអាងថា ពន្ធថ្មីដែលអនុវត្តដោយលោក ត្រាំ បន្ទាប់ពីមានការសម្រេចរបស់តុលាការកំពូល កាលពីខែមុន គឺជារឿងខុសច្បាប់។
គួរឲ្យដឹងផងដែរថា កាលពីថ្ងៃទី២០ ខែកុម្ភៈ តុលាការកំពូលបានបដិសេធគោលនយោបាយពន្ធនាំចូលរបស់លោក ត្រាំ ដោយផ្នែកលើច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ។ ហើយជាការឆ្លើយតបទៅនឹងច្បាប់នេះ នៅថ្ងៃដដែលនោះ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយដែលដាក់ពន្ធនាំចូលបន្ថែម ១០% និងថែមទាំងបានប្រកាសថានឹងដំឡើងដល់ ១៥% នៅពេលក្រោយផងដែរ។
យ៉ាងណាមិញ បើតាមលោក Dan Rayfield អគ្គរដ្ឋរាជអាជ្ញារដ្ឋ Oregon បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា គោលនយោបាយពន្ធដារចុងក្រោយរបស់លោក ត្រាំ គឺជាការប៉ុនប៉ងគេចវេះច្បាប់ ដើម្បីចៀសសវាងការធ្វើការជាមួយសភា ដូចដែលតម្រូវដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក៕

