យោងតាមចារកម្មអាម៉េរិកពីររូប រុស្ស៊ីបានផ្តល់ព័ត៌មានដល់អ៊ីរ៉ង់ ដែលអាចជួយទីក្រុងតេអេរ៉ង់វាយប្រហារនាវាចម្បាំង យន្តហោះ និងមូលដ្ឋានយោធាអាម៉េរិកផ្សេងទៀតនៅក្នុងតំបន់។ នេះបើយោងតាមការផ្សាយចេញពីអង្គភាព AP នៅថ្ងៃទី៧ ខែមីនានេះ។

វាគឺជាតម្រុយដំបូងបំផុតដែល ទីក្រុងមូស្គូបានព្យាយាមចូលរួមក្នុងសង្គ្រាមដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់កាលពីមួយសប្តាហ៍មុន។ រុស្ស៊ី ជាប្រទេសដែលរក្សាទំនាក់ទំនងមិត្តភាពជាមួយទីក្រុងតេអេរ៉ង់ ដែលបានប្រឈមមុខនឹងភាពឯកោអស់រយៈពេលជាច្រើនឆ្នាំលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការគាំទ្ររបស់ខ្លួនចំពោះក្រុមប្រូកស៊ីដែលបានបង្កភាពវឹកវរនៅមជ្ឈិមបូព៌ា រួមទាំងហេសបូឡា ហាម៉ាស និងហ៊ូធី។
ជាមួយគ្នានេះ សេតវិមានបានចោទប្រកាន់ថា រុស្ស៊ីកំពុងចែករំលែកចារកម្មជាមួយអ៊ីរ៉ង់អំពីគោលដៅយោធារបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់។
ទន្ទឹមនឹងការចោទប្រកាន់នេះ វិមានក្រឹមឡាំង នៅតែរក្សាភាពស្ងប់ស្ងាត់ ដោយមិនព្រមបញ្ជាក់ពីការផ្តល់ជំនួយយោធា ប៉ុន្តែបានអះអាងថា កិច្ចសន្ទនាជាមួយអ៊ីរ៉ង់នឹងនៅតែបន្ត។ ទំនាក់ទំនងនេះគឺជាការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ខណៈកន្លងមកអ៊ីរ៉ង់ធ្លាប់បានផ្តល់ដ្រូន Shahed និងមីស៊ីលឲ្យរុស្ស៊ីប្រើក្នុងសង្គ្រាមអ៊ុយក្រែន៕





