ស្ថាប័នបណ្តាញអាជីវកម្មអន្តរជាតិប្រចាំប្រទេសកម្ពុជា (CC Cambodia) ចុះ MoU និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នៅសណ្ឋាគារ Sun & Moon Riverside

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានចូលរួមជា អធិបតី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសមាគមបរធនបាលកម្ពុជា និងស្ថាប័នបណ្តាញអាជីវកម្មអន្តរជាតិប្រចាំប្រទេសកម្ពុជា (CC Cambodia) នៅសណ្ឋាគារ Sun & Moon Riverside នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. សមាជិក-សមាជិកា នៃ CC Cambodia ក្រុមហ៊ុនបរធនបាល និងសមាជិក-សមាជិកា នៃសមាគមបរធនបាលកម្ពុជា។ MoU នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍អាជីវកម្ម និងវិស័យបរធនបាលកិច្ច ព្រមទាំងដើម្បីគាំទ្រដល់ការចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅក្នុងចំណោមសហគ្រិន និងវិនិយោគិនអំពីវិស័យបរធនបាលកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះក៏មានកិច្ចពិភាក្សាលើប្រធានបទ “បរធនបាលកិច្ចគឺជាថ្នាលសម្រាប់ការវិនិយោគប្រកបដោយទំនុកចិត្ត” ផងដែរ ដើម្បីបង្កើនការយល់ដឹងយន្កការបរធនបាលកិច្ច និងអត្ថប្រយោជន៍នៃការប្រើប្រាស់យន្តការនេះក្នុងការគ្រប់គ្រងទ្រព្យ គាំពារការវិនិយោគនិងការធ្វើផែនការវិនិយោគរយៈពេលវែង និងការការពារទ្រព្យសម្បត្តិគ្រួសារ។ កិច្ចពិភាក្សានេះ មានការសម្របសម្រួលដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Westline Education Group និងជាសមាជិកប្រធាននៃ Corporate Connections Cambodia និងមានវាគ្មិនដែលជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច រួមមាន លោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអធិការកិច្ច លោក ព្រឿង សុភាព នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Phillip Trustee (Cambodia) Co., Ltd. និងលោក គង់ ប៊ុននរិន្ទ អគ្គនាយកក្រុមហ៊ុន Lion Trust (Cambodia) Co., Ltd.៕