អ្នកឧកញ៉ា លី សុភ័ក្ត ជាអ្នកជំនួញលើវិស័យជាច្រើន ដូចជា កសិកម្ម មីក្រូហ្វាយនែន នាំចូលរថយន្ត ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យមួយចំនួនទៀត។ ក្រៅពីជោគជ័យក្នុងអាជីព អ្នកឧកញ៉ាក៏ជោគជ័យក្នុងរឿងស្នេហា និងចេះបង្ហាញពីភាពផ្អែមល្ហែមជាមួយគ្រួសារផងដែរ។

តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន របស់អ្នកឧកញ៉ា លី សុភ័ក្ត នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ ជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ និងក៏ជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់អ្នកឧកញ៉ា ជាមួយឧត្តមភរិយាផងដែរ។ អ្នកឧកញ៉ាបានបង្ហោះរូបភាពមួយសន្លឹកដែលជារូបភាពគំនូរឌីជីថលតំណាងឱ្យអ្នកឧកញ៉ា និងឧត្តមភរិយាអង្គុយក្រោមដើមឈើចាស់មួយ ខាងមុខសាលារៀន ដោយភ្ជាប់ជាមួយសំណេរដ៏មានអត្ថន័យ រៀបរាប់ពីភាសាស្នេហាកាលពីវ័យសិក្សាបែបនេះថា «ដើមឈើចាស់ និងសេចក្តីស្នេហាមិនប្រែប្រួល! ការចងចាំកាលពីម្សិលមិញ បងនៅចាំបានយ៉ាងច្បាស់ កាលពីដំបូងដែលបងចាប់ផ្ដើមទៅទទួលអូននៅសាលា។ រាល់ពេលដែលឃើញបងទៅដល់ អូនតែងតែបង្ហាញឫកពាអៀនប្រៀន មិនហ៊ានសូម្បីតែងើបមុខមកមើលបងឱ្យចំ។ ភ្នែកទាំងគូរបស់អូន តែងតែសម្លឹងទៅរកដើមឈើដែលដុះនៅក្បែររបងសាលានោះជំនួសវិញ។
យើងមើលដើមឈើនោះជាមួយគ្នា រហូតដល់រដូវកាលផ្លាស់ប្ដូរ ហើយស្លឹករបស់វាជ្រុះអស់ពីមែក… ប៉ុន្តែអ្វីដែលមិនធ្លាប់ជ្រុះបាត់ទៅតាមស្លឹកឈើ គឺក្ដីស្រឡាញ់ដែលបងមានចំពោះអូន។ រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍ ថ្ងៃនៃក្ដីស្រឡាញ់របស់យើង! បងស្រឡាញ់អូន!»

«ដើមឈើចាស់» ស្នេហាមិនប្រែប្រួល ក៏បានបង្ហាញអត្ថន័យក្នុងបទចម្រៀងរវាងអ្នកឧកញ៉ា លី សុភ័ក្ត និងលោកជំទាវដែលជាឧត្តមភរិយាផងដែរ ដែលរៀបរាប់ពីសេចក្តីស្រឡាញ់អ្នកឧកញ៉ាចំពោះភរិយា និងការរំលឹកអារម្មណ៍នៃស្នេហា ដែលកើតឡើងនៅក្នុងវ័យសិក្សានៅក្រោមដើមឈើ ស្នេហានេះជាអ្វីដែលមិនអាចលុបចោលបាន ហើយវានឹងនៅជាប់ក្នុងចិត្តជានិច្ច។
សូមជម្រាបជូនថា អ្នកឧកញ៉ា លី សុភ័ក្ត គឺជាធរុជនដ៏ឆ្នើមមួយរូបនៅកម្ពុជា។ អ្នកឧកញ៉ា ត្រូវបានគេស្គាល់ថាជាសហគ្រិនជោគជ័យ ជាអ្នកជំនួញលើវិស័យជាច្រើន ដូចជា កសិកម្ម មីក្រូហ្វាយនែន នាំចូលរថយន្ត ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យមួយចំនួនទៀត។ អ្នកឧកញ៉ា លី សុភ័ក្ត ក៏តែងតែចូលរួមក្នុងកិច្ចការមនុស្សធម៌ និងការជួយជ្រោមជ្រែងដល់សង្គមផងដែរ។ ក្រៅពីវិស័យជំនួញ ក្នុងរឿងស្នេហា អ្នកឧកញ៉ាចាប់តាំងពីរៀបអាពាហ៍ពិពាហ៍មក មានបុត្រាបុត្រីចំនួន៣នាក់ ជាចំណងដៃ៕


