លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានលើកបង្ហាញពីសមិទ្ធផលធំៗ ៥ ដែលសមាគមសម្រេចបាន ក្នុងឆ្នាំ២០២៥ កន្លងមក។

ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្រោមអធិបតី លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកអ្នកឧកញ៉ាប្រធានសមាគម បានលើកឡើងសមិទ្ធផលធំៗចំនួន ៥ ដូចខាងក្រោម៖
១.រក្សាបាននូវសមាជិកភាពរហូតដល់ ៥៥ក្រុមហ៊ុន ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តលើសមាគមក្នុងការជួយពង្រឹងកេរ្តិ៍ឈ្មោះ និងឥទ្ធិពលរបស់សមាគមក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
២.បានចូលរួមយ៉ាងសកម្មជាមួយធនាគារជាតិនៃកម្ពុជា និងក្រសួងពាក់ព័ន្ធ ដើម្បីតស៊ូមតិ និងគាំទ្រដល់កញ្ចប់វិធានការគាំទ្រ ៨ចំណុចរបស់រាជរដ្ឋាភិបាល ការអនុគ្រោះពន្ធសម្រាប់អចលនទ្រព្យ ដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារអាមេរិក និងការលើកទឹកចិត្តសម្រាប់អ្នកទិញលំនៅឋានដំបូង ដែលមានតម្លៃរហូតដល់ ២១ម៉ឺនដុល្លារអាមេរិក។
៣.បានផ្តល់មតិយោបល់ស៊ីជម្រៅលើច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យនេះ ដើម្បីធានាឱ្យបាននូវការអនុវត្តលើការអភិវឌ្ឍប្រកបដោយចីរភាព មានសណ្តាប់ធ្នាប់ និងត្រឹមត្រូវតាមច្បាប់ ក្នុងចំណោមសមាជិក។
៤.បានរៀបចំកិច្ចប្រជុំចំគោលដៅ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសំណង់ បញ្ហាពន្ធដារ និងឧបសគ្គនៃការអភិវឌ្ឍនានា ដែលប៉ះពាល់ដល់ក្រុមហ៊ុនសមាជិក។
៥.បានបំពេញកាតព្វកិច្ចសង្គម តាមរយៈការបរិច្ចាគសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផា និងការគាំទ្រ ស្មារតីសាមគ្គីជាតិដល់វីរកងទ័ពជួរមុខ និងសហគមន៍ដែលរងផលប៉ះពាល់ជាដើម។
ក្នុងឱកាសនោះដែរ លោកអ្នកឧកញ៉ា បានមានប្រសាសន៍ថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានខិតខំប្រឹងប្រែងដោយភាពហ្មត់ចត់ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីពង្រឹងការសម្របសម្រួលក្នុងចំណោមសមាជិក-សមាជិកា លើកកម្ពស់ការអនុវត្តតាមបទប្បញ្ញត្តិនានា គាំទ្រដល់កិច្ចសន្ទនាគោលនយោបាយប្រកបដោយការស្ថាបនា ជាមួយក្រសួងពាក់ព័ន្ធ និងធនាគារជាតិនៃកម្ពុជា ព្រមទាំងតស៊ូមតិដើម្បីទទួលបានវិធានការគាំទ្រជាក់ស្តែង សម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកទិញលំនៅឋាន៕










