ការបង្កើតបក្សពួកក្រៅប្រព័ន្ធអង្គការសហប្រជាជាតិ (UN) គឺជាការដើរថយក្រោយ និងបង្កឱ្យមានការបែកបាក់សកល ដោយលើកហេតុផលថា ប្រព័ន្ធនេះវាមិនល្អឥតខ្ចោះទេ តែបើមិនមានអង្គការសហប្រជាជាតិ ពិភពលោកនឹងកាន់តែអាក្រក់។ នេះបើតាមការលើកឡើងរបស់លោក វ៉ាង យី ប្រមុខការទូតចិន នៅថ្ងៃទី៨ ខែមីនានេះ។

លោក វ៉ាង យី បានគូសបញ្ជាក់ថា ក្នុងស្ថានភាពដែលការប្រកួតប្រជែងមហាអំណាចកាន់តែស្រួចស្រាល់ សហគមន៍អន្តរជាតិត្រូវតែរួមគ្នាការពារ និងគោរពនូវតួនាទីដឹកនាំរបស់អង្គការសហប្រជាជាតិ ជាជាងការធ្វើការប្រឆាំង ឬព្យាយាមបង្កើតយន្តការស្របគ្នាមកជំនួសឡើយ។
លោកព្រមានថា ការបង្កើតបក្សពួកនិយមក្រៅប្រព័ន្ធអង្គការសហប្រជាជាតិ មានតែធ្វើឱ្យតុល្យភាពអំណាចសកលកាន់តែមានភាពរង្គោះរង្គើ និងបង្ករឱ្យមានការបែកបាក់តែប៉ុណ្ណោះ។
ប្រមុខការទូតចិនរូបនេះ ក៏បានសង្កត់ធ្ងន់ៗថា អង្គការសហប្រជាជាតិខ្លួនឯងក៏ត្រូវតែដើរឱ្យទាន់សម័យកាល តាមរយៈការកែលម្អប្រព័ន្ធអភិបាលកិច្ច និងធ្វើការកែទម្រង់ដើម្បីសម្របខ្លួនទៅនឹងសក្ដានុពលនៃការប្រែប្រួលនៅក្នុងសតវត្សរ៍ទី ២១។ ជាពិសេស អង្គការសហប្រជាជាតិគួរតែបង្កើនតំណាង និងសម្លេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឆ្លុះបញ្ចាំងពីតថភាពនយោបាយសកល និងបង្កើតឱ្យមានតុល្យភាពអំណាចមួយដែលប្រកបដោយសមធម៌ និងបរិយាប័ន្នពិតប្រាកដ៕



