លោក ពូទីន ថារុស្ស៊ីត្រៀមលក់ប្រេងឲ្យអឺរ៉ុបឡើងវិញ ចំពេលកំពុងមានវិបត្តិថាមពល

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានបង្កឲ្យមានវិបត្តិថាមពលជាសកល ហើយបានព្រមានថា ការផលិតប្រេងដែលពឹងផ្អែកលើការដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz អាចនឹងត្រូវបញ្ឈប់ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពូទីន បាននិយាយថា រុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេទីពីររបស់ពិភពលោក និងជាម្ចាស់ទុនបំរុងឧស្ម័នធម្មជាតិធំជាងគេ បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអតិថិជនអឺរ៉ុបម្តងទៀត ប្រសិនបើពួកគេចង់ត្រលប់ទៅរកកិច្ចសហប្រតិបត្តិការរយៈពេលវែងវិញ។

ដោយថ្លែងនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយមន្ត្រីរដ្ឋាភិបាល និងប្រធានក្រុមហ៊ុនផលិតប្រេង និងឧស្ម័នឈានមុខគេរបស់រុស្ស៊ី លោក ពូទីន បាននិយាយថា រុស្ស៊ីបានព្រមានម្តងហើយម្តងទៀតថា ការធ្វើឲ្យមជ្ឈិមបូព៌ាអស្ថិរភាពអាចនាំឲ្យមានវិបត្តិថាមពលដែលមានផលវិបាកធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក និងជាអ្វីដែលលោកធ្លាប់បាននិយាយរួចមកហើយ។

តែទោះជាយ៉ាងណាក៏ដោយ EU បានចំណាយពេលបួនឆ្នាំកន្លងមកនេះ ដើម្បីព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់រុស្ស៊ីយ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន និងទណ្ឌកម្មជាបន្តបន្ទាប់របស់សហភាពអឺរ៉ុប និង G7។

យ៉ាងណាមិញ ការបាត់បង់ទីផ្សារអឺរ៉ុប បានធ្វើឲ្យរុស្ស៊ីថយចុះចំណូលយ៉ាងច្រើនដោយសារតែជាអតិជិថនកំពូលរបស់ខ្លួន និងបានបង្ខំឲ្យរុស្ស៊ីលក់ប្រេង និងឧស្ម័នក្នុងតម្លៃទាបទៅកាន់ប្រទេសក្នុងតំបន់អាស៊ីវិញ។

ជម្រាបជូនថា តម្លៃប្រេងបានកើនឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទ ដើម្បីឈានដល់កម្រិតកំពូលដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២២ មក ខណៈពេលដែលច្រកសមុទ្រ Hormuz ដែលមានប្រហែលមួយភាគប្រាំនៃលំហូរប្រេង និងឧស្ម័នធម្មជាតិរាវទូទាំងពិភពលោក ត្រូវបានបិទដោយសារតែសង្គ្រាមអ៊ីរ៉ង់៕​