ការកើនឡើងនៃតម្លៃអាលុយមីញ៉ូម បានធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរកស៊ីលើអាជីវកម្មលោហៈធាតុដ៏ធំបំផុតរបស់ប្រទេសចិន Zhang Bo កើនឡើងដល់ ៤៨ពាន់លានដុល្លារ ចំពេលពេលកំពុងមានកង្វះខាតនៃសម្ភារៈឧស្សាហកម្មសំខាន់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

លោក Zhang ជាម្ចាស់ក្រុមហ៊ុន China Hongqiao Group ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតអាលុយមីញ៉ូមធំជាងគេបំផុតរបស់ពិភពលោក។ China Hongqiao ក៏ជាអ្នកផ្គត់ផ្គង់ដ៏ធំសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន រួមទាំង Huawei Technologies, Xiaomi និង BYD ផងដែរ។
យ៉ាងណាមិញ លោក Zhang ហាក់ទទួលបានផលចំណេញយ៉ាងច្រើន ដោយសារតែតម្លៃអាលុយមីញ៉ូម បានកើនឡើងជាង ២៥% ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលជំរុញដោយតម្រូវការពីវិស័យដូចជាយានយន្តថាមពលថ្មី បន្ទះសូឡា និងទួរប៊ីនខ្យល់។
មិនតែប៉ុណ្ណោះ ការប៉ះទង្គិចភូមិសាស្ត្រនយោបាយ រួមទាំងសង្គ្រាមនៅអ៊ីរ៉ង់ ក៏បានបន្ថែមភាពប្រែប្រួលនៃតម្លៃនេះផងដែរ។ យោងតាមទីផ្សារហ៊ុន London Metal Exchange បានបង្ហាញឲ្យដឹងថាអាលុយមីញ៉ូម បានកើនឡើង ដល់ជិត ៣ ៣៤០ដុល្លារក្នុងមួយតោន ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងខែមេសា ឆ្នាំ២០២២ មក។ នេះបើយោងតាមវេទិកាព័ត៌មានរ៉ែ Mining៕

