គណៈប្រតិភូរដ្ឋសភាប្រទេសហុងគ្រី ដឹកនាំដោយ លោក György Such អគ្គលេខាធិការរដ្ឋសភាប្រទេសហុងគ្រី នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញធ្វើទស្សនកិច្ចនៅព្រះបរមរាជវាំង និងសារមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ។

នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះសម្រស់ដ៏ត្រកាលនៃស្ថាបត្យកម្មខ្មែរ ដែលមាននៅលើសំណង់នៃព្រះបរមរាជវាំង ប្រកបដោយក្បូរក្បាច់រចនាដ៏វិសេសវិសាល ដែលជាតំណាងឱ្យភាពរុងរឿងនៃរជ្ជកាលព្រះមហាក្សត្រខ្មែរ។ បន្ទាប់មក នៅសារមន្ទីរជាតិ គណៈប្រតិភូបានទស្សនា និងស្វែងយល់យ៉ាងលម្អិតនូវបុរាណវត្ថុដ៏មានតម្លៃ និងបដិមាសិល្បៈគ្រប់សម័យកាល ដែលជាភស្តុតាងសបញ្ជាក់ពីអរិយធម៌ដ៏យូរលង់ និងចំណេះដឹងផ្នែកសិល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការផ្លាស់ប្តូរបទពិសោធន៍ក្នុងក្របខណ្ឌរដ្ឋបាលសភានោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពដ៏សំខាន់ក្នុងការ លើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ និងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ តាមរយៈការយល់ដឹងពីតម្លៃមរតកបេតិកភណ្ឌដែលជាអត្តសញ្ញាណជាតិកម្ពុជា។
វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់នៅតាមរមណីយដ្ឋានប្រវត្តិសាស្ត្រនានា ក៏បានបង្ហាញឱ្យឃើញពីសុខសន្តិភាព និងការបើកចំហរបស់កម្ពុជា ក្នុងការស្វាគមន៍ភ្ញៀវអន្តរជាតិមកទស្សនា មកសិក្សារៀនសូត្រពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

សូមជម្រាបជូនថា ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាប្រទេសហុងគ្រី កំពុងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕







