នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរីហើយ។ អំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។

ក្នុងជំនួបទ្វេភាគី ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានរក្សាទំនាក់ទំនងជាប្រចាំ តាមការផ្លាស់ប្តូរការសួរសុខទុក្ខ និងនឹករលឹកពីគ្នា។ លើសពីនេះ ភាគីទាំងពីរក៏បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់។

គួរឱ្យដឹងថា ជំនួបខាងលើត្រូវបានបញ្ចប់ដោយការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ក៏ដូចជាពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។ ក្រោយជំនួបទ្វេភាគី ឯកឧត្តមរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ក៏បានរៀបចំអាហារថ្ងៃត្រង់ស្វាគមន៍ ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ។

សូមបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១០ដល់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។


