លោក ត្រាំ ថាអាមេរិកឈ្នះសង្គ្រាមហើយ ប៉ុន្តែមានការងារផ្សេងទៀតមិនទាន់ចប់នៅអ៊ីរ៉ង់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានឈ្នះសង្គ្រាមជាមួយអ៊ីរ៉ង់ហើយ ប៉ុន្តែនឹងបន្តប្រតិបត្តិការយោធារហូតដល់បេសកកម្មរបស់ខ្លួនត្រូវបានសម្រេចទាំងស្រុង។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានថ្លែងនៅក្នុងពិធីជួបជុំមួយនៅទីក្រុង Hebron រដ្ឋ Kentucky នៅថ្ងៃទី១១ ខែមីនាថា​​៖” សូមឲ្យខ្ញុំប្រាប់អ្នកថា យើងបានឈ្នះសង្គ្រាមហើយ។ ជាធម្មតាមនុស្សមិននិយាយថាពួកគេបានឈ្នះអ្វីមួយលឿនពេកទេ ប៉ុន្តែយើងបានឈ្នះហើយ។ វាចប់តាំងពីមួយម៉ោងដំបូងនៃសង្គ្រាមម្លេះ”។

យោងតាមលោក ត្រាំ យុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ គឺជារឿងជោគជ័យដ៏អស្ចារ្យ ហើយសហរដ្ឋអាមេរិកបានបំផ្លាញ ឬបន្សាបនាវាចម្បាំងរហូតដល់ទៅ ៥៨ គ្រឿងរបស់កងទ័ពជើងទឹកអ៊ីរ៉ង់។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះ បានសសង្កត់ធ្ងន់ទៀតថា៖” ការវាយប្រហារនេះគួរតែធ្វើឡើងតាំងពី ៤៧ឆ្នាំមុន។ អ្នកដឹងទេ អ៊ីរ៉ង់មានអំណាចខ្លាំងណាស់។ ពួកគេនឹងព្យាយាមគ្រប់គ្រងមជ្ឈិមបូព៌ាទាំងមូល ហើយកម្ចាត់អ៊ីស្រាអែល។ ប៉ុន្តែពួកគេមិននឹកស្មានថាការវាយប្រហារនឹងកើតឡើងចំពោះពួកគេទេ ពួកគេមិនដឹងថាពួកគេកំពុងត្រូវបានវាយប្រហារដោយយោធាអាមេរិកនោះទេ”។

ទោះបីជាបានប្រកាសពីជ័យជម្នះ ក៏ដោយ លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកនឹងមិនដកថយក្នុងពេលឆាប់ៗនេះទេ ហើយនឹងបន្តប្រតិបត្តិការយោធារហូតដល់បេសកកម្មរបស់ខ្លួនត្រូវបានបញ្ចប់ទាំងស្រុង។ ប៉ុន្តែក្នុងនោះលោកហាក់មិនបានបញ្ជាក់ថាបេសកកម្មដែលត្រូវសម្រេច នៅក្នុងប្រទេសអ៊ីរ៉ង់ជាអ្វីនោះទេ។

ជម្រាបជូនថា ជម្លោះនេះបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឲ្យទីក្រុងតេអេរ៉ង់សងសឹកដោយការវាយប្រហារលើគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា៕​